(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធចំណូលថ្មី Dani Olmo នៅពេលនេះរកបាន ១គ្រាប់ដំបូងជាមួយក្លិប FC Barcelona ក្នុងប្រកួតវាយបកយកឈ្នះក្រុម Rayo Vallecano ២-១ ក្នុងសប្តាហ៍ទី៣ ក្នុងលីគ La Liga រដូវកាលនេះ ដែលជាមួយប្រកួតដំបូងស្ថិតក្រោមការផ្តល់សេចក្តីទុកចិត្តពីអ្នកចាត់ការលោក Hansi Flick ។

តាមរយៈយកបានលទ្ធផលឈ្នះលើក្រុម Rayo Vallecano ២-១ នេះ បានធ្វើឱ្យក្រុម Barcelona បន្តឈរនាំមុខកំពូលតារាងលីគដោយមាន ៩ពិន្ទុបណ្តោះអាសន្ន នៅការចាប់ផ្តើមរដូវកាលថ្មីនេះ ដែលកីឡាករបម្រុង Olmo បានស៊ុតគ្រាប់ជ័យជម្នះនៅនាទី៨២ ក្រោយពេលគូប្រជែងបើកការនាំមុខទាំងពីវគ្គទី១ ក្នុងនាទី៩ ហើយកីឡាករ Pedri ជាអ្នកស៊ុតតាមស្មើមកវិញនៅនាទី៦០ ។

រំលឹកផងថា ក្រោយឈ្នះពាន Euro 2024 ជាមួយក្រុមអេស្ប៉ាញ កីឡាករខ្សែប្រយុទ្ធ Olmo ទទួលបានការចាប់អារម្មណ៍ដោយក្រុម Barcelona ជាមួយការនាំយកក្នុងតម្លៃ ៥១លានផោន ពីក្លិប RB Leipzig ៕