(បរទេស)៖ ក្រុមហ៊ុន Samsung SDI របស់កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបញ្ចប់ដោយជោគជ័យនូវគម្រោងសហការរួមគ្នាតម្លៃ ៣.៥ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត General Motors (GM) ដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ រោងចក្រថ្មីនេះ នឹងមានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំរហូតដល់ ២៧ជីហ្គាវ៉ាត់ម៉ោង (GWh) ឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

បន្ទាប់ពីប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung SDI បានហក់ឡើងខ្ពស់ដល់ទៅ ៣.២ភាគរយនៅក្នុងការជួយដូរភាគហ៊ុនចុងក្រោយនៅព្រឹកនេះ។ របាយការណ៍ពី Reuters បានឱ្យដឹងថា ផែនការនេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ២០២៣។ យ៉ាងណាមិញយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅព្រឹកនេះ បាននិយាយថា រោងចក្ររួមគ្នានេះ មានគោលបំណងផលិតទ្រង់ទ្រាយធំនៅឆ្នាំ២០២៧ ខាងមុខ ហើយសមត្ថភាពប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៦ជីហ្គាវ៉ាត់ម៉ោង (GWh) ក្រោមផែនការពង្រីក។

គួរជម្រាបថា រោងចក្រនេះមានទីតាំងនៅទីក្រុង New Carlisle រដ្ឋ Indiana ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៦៨០ ហិចតា​ ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារជាង ១,៦០០នៅក្នុងតំបន់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងគាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនី EV៕