(ភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វិទ្យាស្ថានខេមអេដ បានរៀបចំកម្មវិធីអបអរសារទរ និស្សិតជ័យលាភីឆ្នើមកម្ពុជា ចំនួន ២រូប ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Auditing-FAU) នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សន្និសីទកាសែត ស្តីពីការអបអរសារទរ និស្សិតជ័យលាភីឆ្នើមកម្ពុជានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានខេមអេដ ក្រោមអធិបតីភាព លោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាព ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយក និងគណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ។

ជាកិច្ចចាប់ផ្តើម លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានថ្លែងថា «ក្នុងនាមជានាយក នៃវិទ្យាស្ថានខេមអេដ លោកពិតជាមានមោទកភាពដែលនិស្សិតចំនួន ២រូបរបស់យើង រួមមាន កញ្ញា រ៉េត ស៊ីវហុង បានទទួលចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម(Foundations in Audit-FAU) និង លោក ពឹង ធៀមហេង ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ»។

លោកបានបន្តថា ភាពជោគជ័យរបស់ប្អូនៗទាំង២ នៅក្នុងពេលនេះ មិនត្រឹមតែបង្ហាញពីសក្តានុពលរបស់ប្អូនៗទាំងពីរប៉ុណ្ណោះទេ តែក៏បង្ហាញពីការបង្កើនសម្ថភាព ក៏ដូចជាសក្តានុពលរបស់យុវជនកម្ពុជាទាំងមូល ដែលមានសក្តានុពលក្នុងកាសិក្សារៀនសូត្រ មានជំនាញ និងសម្ថភាពខ្ពស់ក្នុងការប្រឡងយកជ័យលាភីល្អដាច់គេ លើពិភពលោក។ លោកក៏បញ្ជាក់ផងដែរថា ក្នុងការប្រឡងដណ្តើម យកជ័យលាភីលេខ១ លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម ពិតជា មានតម្លាភាព និងការប្រកួតប្រជែងខ្លាំងពីសំណាក់និស្សិតដែលសិក្សាកម្មវិធីនេះ នៅចក្រភពអង់គ្លេស បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

ដោយឡែក ការប្រឡង និសិ្សតក៏តម្រូវឲ្យប្រឡងនៅលើវិញ្ញាសារដូចគ្នា និងក្នុងថ្ងៃតែមួយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការខិតខំ ប្រឹងប្រែងរៀនសូត្រ ការគ្រប់គ្រងពេលវេលាល្អ ក្នុងការរៀនសូត្រ និងធ្វើលំហាត់ ក៏ដូចជាមានមហិច្ឆិតាខ្ពស់ ទើបធ្វើឲ្យ កញ្ញា រ៉េត ស៊ីវហុង និងលោក ពឹង ធៀមហេង បានជាប់លេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាទាំងពីរនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកខេស៊ី បាណេត ក៏បានថ្លែងអំណរគុណដល់ លោកបណ្ឌិត ងី តាយី ដែលជា បុគ្គលឆ្នើមក្នុងការផ្តួចផ្តើម ឲ្យមានការបង្កើតនូវស្តង់ដារគណនេយ្យ និងសវនកម្មសម្រាប់ប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៩។ វត្តមាននៃស្តង់ដារនេះ បានរួមចំណែកយ៉ាងសកម្ម ក្នុងការរីកចម្រើនទៅមុខនៃសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ដែលអាចឲ្យប្រទេសយើងមានស្តង់ដារគណនេយ្យ និងសវនកម្មរួមមួយ ស្របតាមស្តង់ដារអន្តរជាតិ ដែលអាចឲ្យយើងទាក់ទាញបានវិនិយោគិនបរទេសជាច្រើនមកបណ្តាក់ទុន នៅប្រទេសកម្ពុជា។ លោកបញ្ជាក់ផងដែរថា ACCA គឺជាសមាគមគណនេយ្យករជំនាញធំជាងគេលើពិភពលោក មានទីស្នាក់ការនៅ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

លោក នូវ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ACCA ប្រចាំប្រទេសកម្ពុជា និងឡាវ បានបង្ហាញពីកំណើនអ្នកជំនាញផ្នែកគណនេយ្យ នៅប្រទេសកម្ពុជា ដែលបើធៀបនឹងកាលពីជាង១០ឆ្នាំមុន អ្នក ជំនាញលើផ្នែកនេះមានមិនដល់១០នាក់នោះទេ ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកគណនេយ្យ និងសវនកម្មដែលជា សមាជិកនៃសមាគម ACCA មានរហូតដល់ជាង៣០០នាក់ និងនិស្សិតដែលបញ្ចប់កម្មវិធីសញ្ញាបត្រជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT មានរហូតដល់ជាង១០០០នាក់។ បន្ថែមពីនោះ លោកក៏ចាប់ អារម្មណ៍ពីការកើនឡើង នៃនិស្សិតដែលមានសម្ថភាព និងជំនាញ តួយ៉ាងដូចជានិស្សិតរបស់វិទ្យាស្ថានខេមអេដ ដែលតែងទទួលបានជ័យលាភីឆ្នើមលេខ១ លំដាប់ពិភពលោក ទៅលើមុខវិជ្ជាចំនួន២ គឺមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកនូវ រតនា ក៏បានស្ងើចសរសើរ ចំពោះសម្ថភាពនៃការបង្រៀនរបស់សាស្ត្រាចារ្យនៃវិទ្យាស្ថានខេមអេដ ដែលតែងតែព្យាយាមបង្ហាត់បង្រៀននិស្សិត របស់ខ្លួនឲ្យទទួលបានចំណាត់ថ្នាក់លេខ១ ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ វាមិនមែនជារឿងភ្ញាក់ ផ្អើលសម្រាប់រូបលោកនោះទេ ដែលវិទ្យាស្ថានខេមអេដជាវិទ្យាស្ថានតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលទទួលបាន ការទទួលស្គាល់គុណភាពកម្រិតផ្លាទីនៀម ពីសមាគមACCA និងស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ ផ្សេងៗទៀត។ ជាចុងក្រោយ លោកក៏លើកទឹកចិត្តឲ្យនិស្សិតជ័យលាភីទាំង២រូប បន្តព្យាយាមក្នុងការបង្កើនចំណេះដឹង ពង្រឹងជំនាញ ក៏ដូចជាហ្វឹកហាត់នូវក្រមសិលធម៌ ការគ្រប់គ្រងពេលវេលា និងការទំនាក់ទំនង ដែលជាគុណតម្លៃស្នូលក្នុងការ សិក្សារៀនសូត្រ និងធ្វើការងារ។

នៅក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ងី តាយី បានចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង២រូប ក៏ដូចជាថ្លែង អំណរគុណដល់លោកខេស៊ី បាណេត ដែលតែងតែចូលរួមក្នុងការអភិវឌ្ឍន៍វិស័យគណនេយ្យ និសវនកម្ម ក្នុងប្រទេសកម្ពុជា តាមរយៈការនាំយកនូវកម្មវិធីកម្មវិធីសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT និងសញ្ញាបត្រអ្នកជំនាញគណនេយ្យ ACCA មកបង្រៀននៅប្រទេសកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកនូវ សាស្ត្រាចារ្យល្អៗ មកពីទូទាំងពិភពលោក មកបង្រៀននិស្សិតកម្ពុជា។

លោកយល់ថា ការចូលរួមនេះ បានចូលបង្កើន នូវអព្យាក្រឹតភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការប្រកាសពន្ធ ពីសំណាក់អង្គភាពនានា ក្នុងប្រទេសកម្ពុជា។ អ្វីដែលធ្វើ ឲ្យលោកកាន់តែភ្ញាក់ផ្អើលនោះគឺ សម្ថភាពនៃនិស្សិត ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ តែងមានភាពទទួល បានជ័យលាភីឆ្នើមក្នុងការប្រឡងអន្តរជាតិនានា តួយ៉ាងដូចជាភាពជោគជ័យរបស់ កញ្ញា រ៉េត ស៊ីវហុង និងលោក ពឹង ធៀមហេង នាពេលនេះ។ វាមិនមែនត្រឹមតែផ្តល់នូវកិត្តិយលជូនគ្រួសារ តែវាក៏បានផ្តល់នូវកិត្តិយស ដ៏ធំធេងមិនអាច កាត់ថ្លៃបាន ជូនប្រទេសកម្ពុជាទាំងមូល។

ជាទីបញ្ចប់ លោកបណ្ឌិត បានសំណូមពរដល់ប្អូនៗ មេត្តាបន្តយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការស្វែងរកនូវរបក គំហើញថ្មី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនៅ ប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កញ្ញា រ៉េត ស៊ីវហុង និងលោក ពឹង ធៀមហេង គឺជានិស្សិតដែលកំពុងសិក្សាកម្មវិធី បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថាន ខេមអេដ។ និស្សិតទាំងពីររូប បានទទួលពិន្ទុខ្ពស់លើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundattions in Audit - FAU) និងលើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានពិន្ទុខ្ពស់ក្នុងចំណោមនិស្សិតជាច្រើននាក់នៅទូទាំងពិភពលោ កដែលបានប្រឡងលើមុខវិជ្ជា ទាំងពីរនេះ៕