(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបថា ភាគីចិនបានបង្ហើបពីគម្រោងបន្ដជួយអភិវឌ្ឍន៍បច្ចេកទេសកីឡាជំនាញកម្ពុជាបន្ដទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ដូចកាលពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែរ។

ការលើកឡើងនេះ បន្ទាប់ពីកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិន ត្រូវបានបិទបញ្ចប់ដោយជោគជ័យ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ តាមរយៈការចុះហត្ថលេខាបញ្ចប់គម្រោង ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន និងលោកស្រី Zhong Jie អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកស្រី Zhong Jie បានលើកឡើងថា កម្ពុជា-ចិន KW ជាមិត្តដែកថែប តែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចិនមិនត្រឹមតែបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ ថែមទាំជួយជាគម្រោងជំនួយបច្ចេកទេសកីឡា តាមរយៈការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅចិន ក៏ដូចជាការបញ្ជូនគ្រូជំនាញចិនមកបង្ហាត់នៅកម្ពុជាជាដើម។

លោកស្រីបន្ដថា ទោះបីគម្រោងជំនួយបច្ចេកទេសកីឡានាពេលនោះ មានការរារាំងដោយវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏ភាគីចិនបានពុះពាររហូតជួយផ្តល់ការហ្វឹកហាត់ជូនអត្តពលិកកម្ពុជាទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយកម្ពុជាដណ្តើមបានចំណាត់លេខ៤ ក្នុងចំណោម ១១ប្រទេសក្នុងតំបន់អាស៊ាន ជាមួយការដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង (មាស ៨១, ប្រាក់ ៧៤ និងសំរឹទ្ធ ១២៦)។

ជាមួយគ្នា លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គម្រោងជំនួយបច្ចេកទេសកីឡា ដែលចិនបានជួយកម្ពុជា លើកីឡា ១២ប្រភេទទៅហ្វឹកហាត់នៅប្រទេសចិន ពិតជាបាននាំមកនូវភាពជោគជ័យដ៏ធំធេងលើសពីកីឡា។ មិនតែប៉ុណ្ណោះភាគីចិន ក៏បានបង្ហើបអំពីកិច្ចសហការលើគម្រោងថ្មី ជាមួយកម្ពុជា ក្នុងការបន្ដជួយជំនួយបច្ចេកទេសនេះបន្ថែមតៀត ក្នុងទិសដៅឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងមេដាយជូនជាតិប្រកបដោយគុណភាពខ្ពស់បន្ថែមទៀតផង។

ប្រតិបត្តិករកីឡាកម្ពុជាដដែលបន្ដថា «ភាគីចិនបានបញ្ជាក់ប្រាប់មកខ្ញុំហើយថា នឹងបន្តឲ្យមានគម្រោងជំនួយបច្ចេកទេសនេះបន្ថែមទៀត សម្រាប់ដំណើរឆ្ពោះទៅឆ្នាំ២០២៩។ ចាប់ពីឥឡូវនេះទៅ យើងកំពុងជំរុញក្នុងការធ្វើគម្រោងជាមួយគ្នា ដើម្បីបញ្ជួនអត្តពលិកទៅហ្វឹកហាត់បន្តទៀត។ គម្រោងបានស្តែងចេញនូវលទ្ធផលដ៏ល្អ ហើយលទ្ធផលនោះគឺជោគជ័យនៃការធ្វើម្ចាស់ផ្ទះ ជោគជ័យនៃការទទួលបានមេដាយ។ អ្វីដែលយើងទទួលបានបន្ថែមទៀតគឺការសន្យាជួយដល់កម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ថែមទៀតថា តាមរយៈគម្រោងជំនួយបច្ចេកទេសកីឡារបស់ភាគីចិន ដែលគ្រោងនឹងបន្ដជួយដល់កម្ពុជា ក្នុងទិសដៅឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងក្លាយជាផ្នែកមួយជួយឲ្យកម្ពុជាឈានទៅសម្រេចក្តីស្រម៉ៃបង្កើនចំនួនមេដាយពីកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន ពិសេសឈានទៅសម្រេចផែនការឲ្យអត្តពលិកកម្ពុជាជាប់ការប្រកួតជម្រុះអូឡាំពិកក្លាយជាកីឡាករ-កីឡាការិនីពេញសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៨ ផងដែរ៕