(បរទេស)៖ ក្រុមហ៊ុន Samsung បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Qualcomm Technologies ។ កិច្ចសហការនេះ នឹងផ្តោតលើការផលិតបន្ទះឈីបកម្រិតខ្ពស់ សម្រាប់កម្មវិធីរថយន្តជាច្រើន ជាពិសេសសម្រាប់ប្រព័ន្ធកម្សាន្តក្នុងរថយន្ត និងប្រព័ន្ធ ADAS។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV បានឲ្យដឹងថា ចំណុចសំខាន់នៃភាពជាដៃគូនេះ គឺការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះឈីប Memory LPDDR4X ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Samsung ដែលត្រូវបានផលិតដោយជោគជ័យសម្រាប់ការប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon Digital Chassis របស់ក្រុមហ៊ុន Qualcomm ។ ឧបករណ៍ទាំងពីរនេះនឹងត្រូវបានប្រើ ដើម្បីផ្តល់ថាមពលដល់ប្រព័ន្ធព័ត៌មានកម្សាន្តលំដាប់ថ្នាក់ខ្ពស់ និងមុខងារជំនួយអ្នកបើកបរដ៏ទំនើប ដែលគេរំពឹងថានឹងឃើញនៅក្នុងយានយន្តនាពេលអនាគត។

គួរជម្រាបថា សម្រាប់ក្រុមហ៊ុន Samsung ការធានាចំពោះក្រុមហ៊ុន Qualcomm ដែលជាអតិថិជនរបស់ខ្លួននោះ ត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាអ្នកនាំមុខនៅក្នុងទីផ្សារ Memory របស់រថយន្ត។ ខណៈពេលដែលបច្ចុប្បន្ន Samsung បាននឹងកំពុងឈរនៅតំណែងទីពីរ បន្ទាប់ពីក្រុមហ៊ុន Micron ដែលបាននាំមុខជាមួយនឹងចំណែកទីផ្សារ Memory របស់រថយន្តប្រមាណ ៤៤% ដូច្នេះ Samsung កំពុងតែដាក់គោលដៅសម្រាប់ការដណ្តើមយកតំណែងកំពូលនៅក្នុងវិស័យមួយនេះ៕