(អឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌលីគកំពូលតំបន់អឺរ៉ុប UEFA Champions League នឹងទទួលបានពានរង្វាន់ពិសេសមួយ ពីប្រធានគ្រប់គ្រងស្ថាប័ន្ធបាល់ទាត់អឺរ៉ុប លោក Aleksander Ceferin ក្នុងការទទួលស្គាល់កេរ្តិ៍លើដំណែលដ៏អស្ចារ្យរបស់បរុសញ្ជាតិព័រទុយហ្គាល់រូបនេះ ។

ការផ្តល់នៅរង្វាន់ដ៏ពិសេសនេះ នឹងធ្វើឡើងនៅថ្ងៃចាប់ឆ្នោតប្រកួតពាន UEFA Champions League 2024-25 នៅទីក្រុងម៉ូណាកូ ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែសីហានេះ ដែលមាន ៣៦ក្រុម។

រំលឹកផងថា មុនពេលសម្រេចទៅចូលរួមក្លិប Al-Nassr នៃលីគអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល ១៨ឆ្នាំកន្លងទៅ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើឱ្យភាពលេចធ្លោយ៉ាងខ្លាំងនៅការប្រកួតក្របខណ្ឌតំបន់អឺរ៉ុប ជាមួយការឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៥លើក ដែលអតីតខ្សែប្រយុទ្ធរបស់ Sporting, Manchester United, Real Madrid និង Juventus ស៊ុតបញ្ចូលទីបាន ១៤០គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ១៨៣ប្រកួត ។

កំណត់ត្រារបស់ Ronaldo គឺបានឈរនៅពីលើគូប្រជែងឆ្នើមៗ ដោយមាន ១១គ្រាប់នាំមុខ Lionel Messi និងមាន ៤៦គ្រាប់នាំមុខ Robert Lewandowski ក្នុងចំណោម ៣នាក់កំពូលតារាង នឹងធ្លាប់ជា Top Scorer ចំនួន ៧រដូវកាល ខណៈរដូវកាល២០១៣-១៤ រូបគេរកបានដល់ទៅ ១៧គ្រាប់ ក្នុងលេងជាមួយក្លិប Real Madrid ។

ភាពជោគជ័យទាំងក្នុងក្លិប រួមទាំងក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើឱ្យ Ronaldo ក្លាយជាម្ចាស់ពាន Ballon d'Or ចំនួន ៥លើក និងឈ្នះពាន UEFA Men's Player of the Year បានចំនួន ៣រដូវកាល ហើយរូបគេក៏ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេ នៅគ្រប់ការប្រកួតរបស់ក្របខណ្ឌ UEFA ទាំងអស់មាន ១៤៥គ្រាប់ ពីការលេងសុរប ១៩៧ប្រកួត ។

Ronaldo ក៏ជាកីឡាករឆ្នើមបំផុតក្នុងបាល់ទាត់អន្តរជាតិផ្នែកបុរស ដោយរកបាន ១៣០គ្រាប់ ពីការលេងបាន ២១២ប្រកួតជាមួយជម្រើសជាតិព័រទុយហ្គាល់ ៕