(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) មានមោទនភាពក្នុងការប្រកាសបើកដំណើរការកម្មវិធីសិក្សាថ្មីចំនួនពីរ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញបញ្ញាសិប្បនិម្មិត(AI)។ សម្រាប់ជំនាញបញ្ញាសិប្បនិម្មិត (AI) នេះ គឺមានទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយមានទាំងសញ្ញាប័ត្រមួយ និងសញ្ញាប័ត្រពីរផងដែរ។

ចំពោះសញ្ញាបត្រពីរ AUPP បានសហការជាមួយដៃគូសាកលវិទ្យាល័យរបស់យើង គឺសាកលវិទ្យាល័យ Fort Hays State នៃសហរដ្ឋអាមេរិក។ ការដាក់ឲ្យដំណើរការកម្មវិធីសិក្សាថ្មី ទាំងពីរនេះ បានបង្ហាញអំពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់របស់ AUPP ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទំនើប និងពេញនិយមទាំងពីរនេះ គឺក្នុងគោលបំណង ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងផ្នែកបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់នូវកម្មវិធីសិក្សាដែលមានស្តង់ដារខ្ពស់។

ចំពោះថ្នាក់បរិញ្ញាបត្រជំនាញបញ្ញាសិប្បនិមិត្ត (AI) នេះ នឹងផ្តល់ជូននូវការសិក្សាចំពោះនិស្សិតចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កម្រិតខ្ពស់ ទៅលើជំនាញបញ្ញាសិប្បនិមិត្ត (AI) ដើម្បីឲ្យនិស្សិតរបស់យើងមានជំនាញ និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីចាប់យកអាជីពការងាររបស់ពួកគាត់ បានយ៉ាងរលួនបន្ទាប់ពីបញ្ចប់ការសិក្សា។

ជាមួយគ្នានេះផងដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបញ្ញាសិប្បនិមិត្ត (AI) វិញ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង សម្រាប់និស្សិតបញ្ចប់ការសិក្សា ហើយមានបំណងចង់បង្កើន ជំនាញរបស់ពួកគេដើម្បីបង្កើតកម្មវិធីផ្សេងៗ ដែលទាកទងទៅនឹងបញ្ញាសិប្បនិមិត្ត (AI) ប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅក្នុងអាជីវកម្មនានា។

លោកបណ្ឌិត Tek Ming Ng ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល និងជាសាស្ត្រាចារ្យផងដែរ ហើយលោកបណ្ឌិត ក៏ជាអ្នកជំនាញផ្នែកបញ្ញាសិប្បនិមិត្ត (AI) មួយរូបនៅ AUPP បានថ្លែងថា «ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញបញ្ញាសិប្បនិមិត្ត (AI) ផ្តល់ជូននូវកម្មវិធីសិក្សាយ៉ាងទូលំទូលាយចំពោះសិស្ស-និស្សិតនូវចំណេះដឹង និងជំនាញច្បាស់លាស់ផ្នែកបញ្ញាសិប្បនិម្មិត(AI)។ បន្ថែមពីលើនេះសិស្ស-និស្សិត នឹងសិក្សាអំពីការរចនា និងការអនុវត្តប្រព័ន្ធ AI ទំនើបដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្ម និងជាពិសេសការចូលរួមក្នុងការងារស្រាវជ្រាវផ្សេងៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

លោកបានបន្ថែម ដូចនេះថា «សិស្ស-និស្សិតពេលបញ្ចប់ការសិក្សាជំនាញបញ្ញាសិប្បនិមិត្ត (AI) ពួកគេមានជម្រើសក្នុងការជ្រើសរើសនូវអាជីពជាច្រើនដូចជា៖ អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ AI, វិស្វករផ្នែក Marchine Learning, អ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យ, វិស្វករផ្នែក Computer Vision និងអ្នកគ្រប់គ្រងផ្នែក AI ផងដែរ»

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីថ្មីៗទាំងពីនេះ សូមទូរស័ព្ទតាមរយៈលេខ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh។ AUPP សូមចូលរួមលើកកម្ពស់ និងលើកទឹកចិត្តដល់សិស្ស-និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ កំឡុងពេលពួកគាត់កំពុងប្រកបការងារផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) មានទីតាំងនៅទីប្រជុំជននៃប្រទេសកម្ពុជា ហើយជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសិក្សា និងសញ្ញាបត្រស្តង់ដា និងការទទួលស្គាល់ពីសហរដ្ឋអាមេរិក។

ក្នុងនាមជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា AUPP ផ្តល់ជូននូវកម្មវិធីអប់រំលំដាប់ថ្នាក់ពិភពលោកដែលបង្រៀនដោយសាស្រ្តាចារ្យអន្តរជាតិ ដែលមានបទពិសោធន៍ និងជំនាញខ្ពស់។ AUPP ផ្តោតលើបទពិសោធន៍ក្នុងការសិក្សា និងផ្តល់នូវទំនាក់ទំនងយ៉ាងជិតស្និតជាមួយអាជីវកម្មទាំងនៅក្នុងស្រុក និងបរទេស។

បេសកកម្មរបស់ AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយនៅក្នុងប្រទេសកម្ពុជាដែលបង្រៀនជាភាសាអង់គ្លេស ដោយផ្តល់ជូននូវការអប់រំស្តង់ដារអាមេរិក ដែលមានគុណភាពខ្ពស់ហើយតែងតែផ្តល់នូវវិធីសាស្ត្រ និងទ្រឹស្តី ក្នុងការបង្រៀនដែលទំនើបទាន់សម័យដោយស្របទៅនឹងវប្បធម៌នៃប្រទេសកម្ពុជា និងអាស៊ី។

AUPP លើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គម ការទទួលបានការរៀនសូត្រពេញមួយជីវិត និងឧត្តមភាពក្នុងការសិក្សា និងវិជ្ជាជីវៈ បណ្តុះអ្នកវិភាគ និងអ្នកច្នៃប្រឌិត និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាសកល៕