(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបញ្ឈប់បុគ្គលិកប្រហែល ១០០នាក់នៅក្នុងផ្នែកសេវាកម្មឌីជីថលរបស់ខ្លួន ខណៈការបញ្ឈប់នេះប៉ះពាល់ខ្លាំងដល់ក្រុមដែលពាក់ព័ន្ធជាមួយនឹងកម្មវិធី Apple Books និង Apple Bookstore។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

របាយការណ៍ពី Bloomberg បានឱ្យដឹងទៀតថា ការបញ្ឈប់ការងារនេះរួមមានតួនាទីវិស្វកម្មមួយចំនួន និងក្រុមសេវាកម្មផ្សេងទៀត ដូចជាក្រុមដែលដំណើរការ Apple News។ យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតអំពីការបញ្ឈប់បុគ្គលិកក្នុងជុំថ្មីនេះ ក្រុមហ៊ុន Apple នៅមិនទាន់មានការបង្ហាញណាមួយនោះទេ និងបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Bloomberg។

មកទល់ពេលនេះ ប្រភពនៅមិនទាន់ច្បាស់នៅឡើយនោះទេថាតើ Apple មានបុគ្គលិកសរុបចំនួនប៉ុន្មាននាក់នៅក្នុងផ្នែក Service ឬសេវាកម្មរបស់ខ្លួន។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Apple គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនយក្សនេះមានបុគ្គលិកសរុបប្រហែល ១៦១,០០០នាក់។ ​

គួរជម្រាបថា ការបញ្ឈប់បុគ្គលិកនេះទំនងជាពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របពេលដែល Apple កំពុងងាកទៅផ្តោតលើវិស័យបញ្ញាសិប្បនិម្មិត AI។ កន្លងមកក្រុមហ៊ុនយក្សនេះ ក៏បានផ្អាកការងារលើផ្នែកផលិតវែនតាឆ្លាតវៃ Vison ផងដែរ ព្រមទាំងបិទគម្រោងមួយក្នុងផ្នែកឌីហ្សាញ និងអភិវឌ្ឍន៍អេក្រង smartwatch របស់ខ្លួននៅដើមឆ្នាំនេះ៕