(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំងលោក ហែន ហ្គី. ម៉ូលដឺ ជាប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ចាប់ពីថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២៤​ នេះតទៅ។ ក្រុមប្រឹក្សាភិបាល រួមនឹងបុគ្គលិកធនាគារ ស្ថាបនា ទាំងអស់មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក ម៉ូលដឺ​ សម្រាប់ការចូលកាន់តួនាទីជាប្រធាននាយកប្រតិបត្តិ។

លោក ម៉ូលដឺ គឺជាថ្នាក់ដឹកនាំដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជាមួយនឹងបទពិសោធន៍ការងារអស់រយៈពេលជាង ៤០ ឆ្នាំក្នុងសេវាហិរញ្ញវត្ថុបុគ្គល និងធនាគារវិនិយោគ ហើយលោកក៏មានជំនាញ និងបទពិសោធយ៉ាងទូលំទូលាយលើការគ្រប់គ្រងយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរ ហានិភ័យឥណទាន និងរតនាគារផងដែរ។

លោក ម៉ូលដឺ​ បានចាប់ផ្តើមអាជីពការងារនៅក្នុងឆ្នាំ១៩៨២ នៅធនាគារ ABN Amro ដែលលោកបានបម្រើការងារ និងកាន់តួនាទីជាច្រើននៅក្នុងប្រទេសហូឡង់ ឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី កូឡុំប៊ី រូម៉ានី និងអារ៉ាប៊ីសាអូឌីត។ មុនពេលលោកចូលបម្រើការងារនៅ ធនាគារ ស្ថាបនា លោក ម៉ូលដឺ ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Devshack International ​ («DSI Group») ជាកន្លែងដែលលោកបានបង្កើត និងអនុវត្តនូវយុទ្ធសាស្រ្តសម្រាប់ទីផ្សារនៅក្នុងតំបន់ Sub-Saharan។ កន្លងមក លោកក៏បានធ្លាប់កាន់មុខតំណែងជាប្រធាននាយកប្រតិបត្តិរបស់ធនាគារជាតិពាណិជ្ជហ្សំប៊ី («Zanaco») នៅប្រទេសហ្សំប៊ី ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rabo Development នៅប្រទេសហូឡង់ និងជាប្រធាននាយកប្រតិបត្តិនៅធនាគារ PT RaboBank នៅប្រទេសឥណ្ឌូនេស៊ី​ ហើយលោកក៏មានបទពិសោធន៍ការងារជាច្រើនក្នុងទ្វីបចំនួន ៤ ដូចជា៖ ទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងអាហ្រ្វិក។

លោក Han Ken អនុប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារ ស្ថាបនា បានថ្លែងថា៖ «ក្រុមប្រឹក្សាភិបាលពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោក លោក ម៉ូលដឺ មកកាន់ ធនាគារ ស្ថាបនា។ តាមរយៈភាពជាអ្នកដឹកនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងកំណត់ត្រាសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ របស់លោក ម៉ូលដឺ ធ្វើឲ្យលោកជាជម្រើសដ៏ស័ក្តិសមបំផុតក្នុងការដឹកនាំធនាគារ ស្ថាបនា ឱ្យកាន់តែមានភាពរីកចម្រើនជាងមុន។ សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ មានការគាំទ្រជាឯកច្ឆ័ន្ទចំពោះ លោក ម៉ូលដឺ និងមានទំនុកចិត្តយ៉ាងមុតមាំលើសមត្ថភាពក្នុងការដឹកនាំធនាគារឆ្ពោះទៅរកភាពរីកចម្រើន និងភាពជោគជ័យឥតឈប់ឈរនាថ្ងៃខាងមុខ»

សម្រាប់ការតែងតាំង និងការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងជាន់ខ្ពស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ ធនាគារ ចំពោះការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការកាន់តួនាទីដ៏សំខាន់នេះ។ ទាំងនេះ នឹងធានាបានថាធនាគារ ស្ថាបនា នៅតែរក្សានូវគោលជំហរយ៉ាងរឹងមាំ គុណតម្លៃ និងវប្បធម៌ផ្តោតលើអតិថិជនជាចម្បង។ តាមរយៈថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដ៏រឹងមាំ និងសម្បូរដោយបទពិសោធន៍ ធនាគារ ស្ថាបនា នឹងបន្តភាពជាអ្នកដឹកនាំនៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។​

លោក ហែន ហ្គី. ម៉ូលដឺ បានថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមការងារជាមួយក្រុមការងារក្មេងៗ ដែលសម្បូរទៅដោយទេពកោសល្យ។ តាមរយៈក្រុមការងារដ៏រឹងមាំ បណ្តាញសាខាយ៉ាងទូលំទូលាយ សមត្ថភាពឌីជីថលរឹងមាំ និងដំណោះស្រាយធនាគារដ៏សម្បូរបែប គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃភាពជោគជ័យរបស់យើង។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាចំណុចទាំងអស់នេះ នឹងបន្តជំរុញធនាគារ ស្ថាបនា ឆ្ពោះទៅរកភាពរីកចម្រើនយ៉ាងត្រចះត្រចង់នាពេលអនាគតនៅក្នុងសេដ្ឋកិច្ចកម្ពុជាដែលកំពុងមានភាពរីកចម្រើនឥតឈប់ឈរ។ ខ្ញុំទន្ទឹងរង់ចាំក្នុងការចូលរួមចំណែកដល់ការបន្តការកសាងភាពរីកចម្រើនដល់ធនាគារ ការផ្តល់បទពិសោធន៍សេវាធនាគារដ៏ល្អឥតខ្ចោះជូនអតិថិជន និងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញកំណើនអាជីវកម្មរបស់យើងប្រកបដោយចីរភាព និងនិរន្តរភាព»

សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង៣៤០កន្លែង​។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត​ សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម Most Innovative Mobile Banking App – Cambodia 2024 ពីស្ថាប័ន International Finance ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។

ក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ «First Launch in Market 2023» ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ «Leadership in Debit Growth 2023» លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ «Innovation Breakthrough 2023» លើការបើកដំណើរការមុខងារ Tap on Phone ។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន «Best Mobile Banking App ឆ្នាំ2022» និង «Mobile Banking & Payment Initiative of the Year» ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន៕