(បរទេស)៖ ក្រុមហ៊ុនជប៉ុន Toyota Motor បានរាយការណ៍ពីការធ្លាក់ចុះនៃផលិតកម្មសកលរបស់ខ្លួនសម្រាប់ខែកក្កដា ឆ្នាំ២០២៤ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាការកត់សម្គាល់រយៈពេលប្រាំមួយខែជាប់ៗគ្នានៃការថយចុះទិន្នផល។ ក្រុមហ៊ុនបានប្រកាសថា ផលិតកម្មខែកក្កដារបស់ខ្លួនបានធ្លាក់ចុះ ១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុបមានចំនួន ៨០៤,៦១០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ចុះផ្សាយបានបង្ហាញថា ការធ្លាក់ចុះនេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយការថយចុះនៃទីផ្សារសំខាន់ៗ ជាពិសេសនៅក្នុងប្រទេសចិន ដែលផលិតកម្មបានធ្លាក់ចុះ ៦ភាគរយ និងនៅក្នុងប្រទេសថៃមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ១៣ភាគរយឯណោះ។ បន្ថែមពីលើបញ្ហាប្រឈមក្នុងការផលិត ការលក់ជាសាកលរបស់ Toyota ក៏បានជួបប្រទះនូវការថយចុះតិចតួចផងដែរ ក្រោម ១ភាគរយ ជាចម្បងដោយសារតែការធ្លាក់ចុះនៅក្នុងទីផ្សារសំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចិន។
គួរជម្រាបថា ការលក់នៅសហរដ្ឋអាមេរិកក្នុងខែកក្កដាបានធ្លាក់ចុះ ៥ភាគរយដោយលើកឡើងពីចំនួនថ្ងៃនៃការដាក់លក់បានតិចជាងឆ្នាំមុន ព្រមទាំងការផ្អាកការផលិត និងចែកចាយរថយន្តស្ព័រ Grand Highlander និង Lexus TX ដោយសារបញ្ហាពោងសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសចិន ម៉ាកយីហោបរទេសដូចជា Toyota បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតក្នុងស្រុកដែលផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការលក់៕