(អឺរ៉ុប)៖ ប្រធានក្រុមជម្រើសជាតិអៀរឡងខាងជើង ជាខ្សែការពារកណ្តាល Jonny Evans បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងវ័យ ៣៦ឆ្នាំ ដ្បិតកំពុងមានកិច្ចសន្យាមួយឆ្នាំជាមួយក្លិបអាជីព Manchester United, នេះបើតាមប្រភពពី Reuters ឱ្យដឹងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។

Jonny Evans ជាកីឡាករម្នាក់លេងបាន ១០៧ប្រកួត និងរកបាន ៦គ្រាប់ជាមួយជម្រើសជាតិអៀរឡង់ខាងជើង គិតចាប់តាំងពីចូលលេងលើកដំបូងក្នុងកម្រិតយុវជន U16 រហូតដល់ឆ្នាំ២០២៤ នេះ ដែលរូបគេបានជាប់ជម្រើសឈុតធំកាលឆ្នាំ២០០៦ ហើយការបង្ហាញខ្លួនលើកចុងក្រោយជាមួយជម្រើសជាតិ គឺក្នុងប្រកួតមិត្តភាពជាមួយក្រុមអេស្ប៉ាញ កាលពីខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងរយៈពេល ១៨ឆ្នាំ កាលលេងជាមួយអៀរឡង់ខាងជើង Jonny Evans បានបង្ហាញអារម្មណ៍ថា «ពេលនេះខ្ញុំមានអារម្មណ៍ថា ជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ»

៦គ្រាប់របស់ Jonny Evans ដែលធ្វើបានជាមួយជម្រើសជាតី គឺនៅជំនួនប៉ះក្រុមប៉ូឡូញ, សាធារណរដ្ឋឆេក, បេឡារុស្ស, សាធារណរដ្ឋស៊ីប និងក្រុមស្លូវេនី ខណៈនៅឆ្នាំ២០១៦ រូបគេបានចូលលេងឱ្យជម្រើសជាតិដល់ទៅ ១៣ដង ជាមួយការរួមចំណែកនាំក្រុមឡើងដល់វគ្គ ១៦ក្រុមពានអឺរ៉ុប European Championship ។

Evans បានធ្វើសេចក្តីប្រកាសនេះ នៅមុនពេលអៀរឡងខាងជើង ស្ថិតក្រោមការដឹកនាំដោយលោក Michael O'Neill ត្រៀមលេងទល់នឹងក្រុមលុចសំបួរ និងប៊ុលហ្គារី ក្នុងវគ្គពានអឺរ៉ុប Nations League 2024-25 ក្នុងកម្រិត League C នៅខែកញ្ញាខាងមុខនេះ ៕