(ឡុងដ៏)៖ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga ត្រូវបានក្លិប AFC Bournemouth សម្រេចនាំយកក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Chelsea ពេញមួយរដូវកាល, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។

អ្នកចាំទីមានវ័យ ២៩ឆ្នាំ Kepa ជាកីឡាករម្នាក់ដែលត្រូវបានក្លិប Chelsea នាំមកពីក្លិប Athletic Bilbao ក្នុងតម្លៃកំណត់ត្រាពិភពលោកប្រមាណ ៧១លានផោនកាលឆ្នាំ២០១៨ ដ្បិតរដូវកាល២០២៣-២៤ រូបគេបានចេញទៅលេងខ្ចីជើងជាមួយក្លិបយក្ស Real Madrid បានចំនួន ២០ប្រកួតផងដែរ ។

Kepa ក៏ទើបបានសម្រេចក្នុងបន្តកិច្ចសន្យាថ្មី ជាមួយក្លិបតោខៀវ Chelsea ដែលនឹងផុតកំណត់នៅចុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យប្រសើឡើងសម្រាប់ក្លិប តាមរយៈការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ ជៀសផុតលើការផ្ទេរដោយឥតគិតថ្លៃ នៅចុងបញ្ចប់នៃការខ្ចីជើងរបស់គាត់ជាមួយ AFC Bournemouth ។

ក្រោមការដឹកនាំដោយលោក Enzo Maresca អ្នកចាំទី Kepa ក៏ស្ថិតក្នុងចំណោកីឡាករ ១៤នាក់ផ្សេងទៀត ដែលបានធ្វើការហ្វឹកហាត់ដាច់ដោយឡែក បន្ទាប់មិនស្ថិតក្នុងជម្រើសណាមួយរបស់អ្នកចាត់ការថ្មីនេះ ហើយ Kepa ក៏បានច្រានចោលសំណើផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់លីគ Saudi Pro League ជាមួយក្លិប Al-Ittihad ក្នុងខែកក្កដាផងដែរ ៕