(ឡុងដ៍)៖ ខ្សែការពារ Kieran Trippier បានប្រកាសចូលនិវត្តន៍របស់លោក ពីការប្រកួតអន្តរជាតិអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៣៣ឆ្នាំ បន្ទាប់ពីទទួលបានការកោះហៅ ៥៤លើកនាពេលកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
កីឡាកររបស់ក្លិបសារិកាព្រៃ Newcastle United រូបនេះ បានស្ថិតក្នុងជម្រើស ១១នាក់ដំបូងចំនួន ៦ប្រកួត នៅព្រឹត្តិការណ៍ European Championship ក្នុងប្រទេសអាល្លឺម៉ង់។
«វាពិតជាកិត្តិយសមួយ ក្នុងចំណោមកិត្តិយសដ៏ធំបំផុត ក្នុងជីវិតរបស់ខ្ញុំ ដែលបានលេងតំណាងឱ្យប្រទេសរបស់ខ្ញុំ ចំនួន ៥៤លើក និងនៅព្រឹត្តិការណ៍ធំៗចំនួន៤ ផងដែរ» Trippier បានសរសេរនៅលើ Instagram។
លោកបន្តថា «ខ្ញុំសូមអរគុណយ៉ាងខ្លាំង ចំពោះអតីតអ្នកចាត់ការ Gareth Southgate និងបុគ្គលិកទាំងអស់ ដែលបានធ្វើការងារជាមួយនឹងក្រុមអង់គ្លេស សម្រាប់ការជឿជាក់របស់ពួកគេដល់ខ្ញុំ»៕