(បរទេស)៖ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលចិនម្នាក់ បានបង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសចិនបានវិនិយោគជាទឹកប្រាក់ជាង ៤៣.៥ ពាន់លានយន់ ឬ ៦.១២ពាន់លានដុល្លារ នៅក្នុងគម្រោងអភិវឌ្ឈន៍មជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពេលមានការរឹតបន្តឹងកាន់តែខ្លាំងលើការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោក Liu Liehong ប្រធានការិយាល័យទិន្នន័យជាតិរបស់ប្រទេសចិន បានបង្ហាញតួលេខនៃការចំណាយនេះ នៅក្នុងសន្និសីទឧស្សាហកម្មមួយនៅទីក្រុង Guiyang ភាគនិរតីនៃប្រទេសចិន ដែលជាតួលេខគិតត្រឹមចុងខែមិថុនា។ ទីក្រុងប៉េកាំងបានចាប់ផ្តើមជាផ្លូវការនូវគំនិតផ្តួចផ្តើមនេះ ដែលត្រូវបានគេហៅថា «Eastern Data, Western Computing» នៅដើមឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការជំរុញរបស់លោកប្រធានាធិបតី Xi Jinping ក្នុងការកសាងប្រទេសចិនក្នុងសម័យឌីជីថល ឬហៅថា «digital China»។
ការវិនិយោគដ៏ធំរបស់ប្រទេសចិនក្នុងវិស័យកុំព្យូទ័រនេះ ត្រូវបានគេមើលឃើញថាកើតឡើងចំពេលប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ដែលបានកំណត់ការនាំចេញផលិតផលកុំព្យូទ័រកម្រិតខ្ពស់មួយចំនួន រួមទាំងផលិតផលទំនើបៗនានាពីក្រុមហ៊ុន Nvidia ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
គួរជម្រាបថា គម្រោង «Eastern Data, Western Computing» រួមមានផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យសំខាន់ៗចំនួនប្រាំបី ដែលមានទីតាំងនៅតំបន់ភាគខាងលិចប្រទេសចិន។ យុទ្ធសាស្ត្រនេះមានគោលបំណងប្រើប្រាស់ធនធានថាមពលដ៏សម្បូរបែបនៅភាគខាងលិច និងផ្ទេរថាមពលកុំព្យូទ័រទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចនៅតាមឆ្នេរសមុទ្រ។ លើសពីការចំណាយរបស់រដ្ឋាភិបាលដោយផ្ទាល់ ទីក្រុងប៉េកាំងក៏បានស្វែងរកការទាក់ទាញវិនិយោគប្រភេទផ្សេងទៀត រួមទាំងដើមទុនពីក្រុមហ៊ុនឯកជនផងដែរ៕