(ម៉ូណាកូ)៖ ពានរង្វាន់ពិសេសមួយគ្នានពីរ ដែលប្រធានគ្រប់គ្រងស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានប្រគល់ជូនទៅកាន់កីឡាករឆ្នើម Cristiano Ronaldo គឺជាងពានបាល់តំណាងឱ្យអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រារបស់អឺរ៉ុប ដែលក្នុងអាជីពរបស់កីឡាកអន្តរជាតិព័រទុយហ្គាល់រូបនេះ ធ្វើបានដល់ទៅ ១៤០គ្រាប់ឯណោះ ។

សូមជម្រាបផងថា ការប្រកួតពានរង្វាន់ពិសេស (Special award All-Tim Top Scorer) បានធ្វើឡើងក្នុងថ្ងៃរៀបចំពិធីចាប់ឆ្នោតបែងចែកពូលពានរង្វាន់ក្របខណ្ឌលីគអឺរ៉ុប Champions League 2024-25 នៅក្រុងម៉ូណាកូ ដែលពាននេះបានរៀបចំដោយប្រធាន UEFA លោក Aleksander Ceferin ក្នុងការទទួលស្គាល់លើកេរ្តិ៍ដំណែលដ៏អស្ចារ្យរបស់គាត់នៅក្នុងការប្រកួតដ៏មានកិត្យានុភាពបំផុតលើពិភពលោក ។

រំលឹកផងថា ក្នុងរយៈពេល ១៨ឆ្នាំនៅលីគតំបន់អឺរ៉ុប ក្នុងការកសាងសមិទ្ធិផលបានដ៏អស្ចារ្យយ៉ាងច្រើន គឺអតីតខ្សែប្រយុទ្ធរបស់ក្លិបអាជីព Sporting, Manchester United, Real Madrid និង Juventus រូបនេះបង្ហាញខ្លួនបាន ១៨៣ប្រកួតក្នុងពានក្របខណ្ឌ Champions League ជាមួយកំណត់ត្រាការស៊ុតគ្រាប់បាល់បញ្ចូលទីវ៉ាដាច់គូប្រជែង Lionel Messi ចំនួន ១១គ្រាប់ និងកីឡាករ Robert Lewandowski ចំនួន ៤៦គ្រាប់ ។

ភាពជោគជ័យទាំងក្នុងក្លិប រួមទាំងក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើឱ្យ Ronaldo ក្លាយជាម្ចាស់ពាន Ballon d'Or ចំនួន ៥លើក និងឈ្នះពាន UEFA Men's Player of the Year បានចំនួន ៣រដូវកាល ហើយរូបគេក៏ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេ នៅគ្រប់ការប្រកួតរបស់ក្របខណ្ឌ UEFA ទាំងអស់មាន ១៤៥គ្រាប់ ពីការលេងសុរបគ្រប់កម្មវិធី ១៩៧ប្រកួត ។

បញ្ជាក់ផងថា Cristiano Ronaldo ក្នុងវ័យ ៣៩ឆ្នាំ រូបគេកំពុងលេងជាមួយក្លិបនៅលីគអារ៉ាប៊ីសាអូឌីត Al-Nassr ហើយជាមួយក្រុមជម្រើសជាតិក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដល់ទៅ ១៤៨គ្រាប់គិតចាប់តាំងពីឈុតយុវជនពីការលេង ២៤៦ប្រកួត និងលើកពាន UEFA Euro 2016 ជាមួយពាន UEFA Nations League ។

ក្រោយការទទួលបានពាន Ronaldo ក៏បានលើកឡើងក្នុងបណ្តាញសង្គមថា «ពិតជាមានកិត្តិយសដែលបានទទួលរង្វាន់នេះពីស្ថាប័ន Champions League សម្រាប់ការក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលនៃការប្រកួត។ អរគុណសម្រាប់ការគាំទ្រទាំងអស់គ្នា» ៕