(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានរាយការណ៍ពីកំណើនគួរឱ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ ដែលជំរុញដោយការកើនឡើងនៃការលក់ស្មាតហ្វូនខ្លាំង។ Huawei គូសបញ្ជាក់ថា បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ អាជីវកម្មរបស់ខ្លួនទាំងស្មាតហ្វូន និងគ្រឿងបន្លាស់រថយន្តឆ្លាតវៃ ដំណើរការបានល្អបំផុត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានបង្ហាញថា សម្រាប់ឆមាសទី១ គិតចាប់ពីខែមករា ដល់ខែមិថុនា ប្រាក់ចំណេញសុទ្ធរបស់ Huwei បានកើនឡើង ១៨ភាគរយ ដែលឈានដល់ ៥៤.៩ ពាន់លានយន់ (ប្រហែល ៧.៧ ពាន់លានដុល្លារ) រួមជាមួយនឹងការកើនឡើងនៃប្រាក់ចំណូល ៣៤.៣ភាគរយ ដែលឈានដល់ប្រាក់ចំណូលសរុប ៤១៧.៥ ពាន់លានយន់ (ប្រហែល ៥៨.៨ពាន់លានដុល្លារ)។ នេះគឺជាប្រាក់ចំណូលខ្ពស់បំផុតរបស់ក្រុមហ៊ុន Huawei សម្រាប់ពាក់កណ្តាលឆ្នាំ២០២៤​ ចាប់តាំងពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យ៉ាងណាមិញជុំវិញរបាយការណ៍លម្អិតអំពីប្រាក់ចំណូល និងប្រាក់ចំណេញនេះ ក្រុមហ៊ុន Huawei មិនបានផ្តល់នូវការវិភាគលម្អិតនោះទេ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា​ នៅទូទាំងអាជីវកម្មដែលរួមមានស្មាតហ្វូន, កុំព្យូទ័រ ព្រមទាំងអង្គភាពគ្រឿងបន្លាស់រថយន្តឆ្លាតវៃរបស់ខ្លួនដំណើរការយ៉ាងខ្លាំងលើសពីការរំពឹងទុក។ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ប្រាក់ចំណេញសម្រាប់ពាក់កណ្តាលឆ្នាំនេះ គឺបានមកពីការលក់ផលិតផលសុទ្ធ និងមិនត្រូវបានជម្រុញដោយការលក់អាជីវកម្ម ឬទ្រព្យសកម្មដូចកាលពីឆ្នាំមុននោះទេ។

គួរជម្រាបថា ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនសរុបចំនួន ២២.២លានគ្រឿងនៅក្នុងប្រទេសចិនក្នុងអំឡុងឆមាសទី១ ដែលកើនឡើង ៥៥ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវដ៏ល្បី Canalys៕