(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និង Nvidia ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុងដំណើរការពិភាក្សាអំពីការចូលរួមវិនិយោគទៅក្នុងក្រុមហ៊ុន OpenAI។ គម្រោងវិនិយោគនេះ ស្ថិតក្នុងផ្នែកមួយនៃការរៃអង្គាសប្រាក់ដែលអាចផ្តល់តម្លៃដល់ក្រុមហ៊ុនផលិត ChatGPT មួយនេះ លើសពី ១០០ពាន់លានដុល្លារ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ដំណឹងនៃការវិនិយោគនេះដំបូងឡើយ ត្រូវបានបញ្ចេញដោយកាសែត Wall Street Journal ដែលបានរាយការណ៍ អំពីការចាប់អារម្មណ៍របស់ក្រុមហ៊ុន Apple ខណៈ Bloomberg News បានរាយការណ៍អំពីការចូលរួមរបស់ Nvidia ។ ព័ត៌មាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែត Journal បានរាយការណ៍ថាក្រុមហ៊ុនបណ្តាក់ទុន Thrive Capital នឹងវិនិយោគប្រហែល ១ពាន់លានដុល្លារនៅក្នុង OpenAI ដែលនាំមុខគេក្នុងការផ្តល់មូលនិធិ។
យ៉ាងណាមិញ ជុំវិញគម្រោងវិនិយោគនេះ Apple និង OpenAI មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយរបស់ Reuters ទេ ខណៈដែល Thrive Capital, Nvidia និង Microsoft បានបដិសេធការអត្ថាធិប្បាយ។
គួរជម្រាបថា ក្រុមហ៊ុន OpenAI ត្រូវបានគេមើលឃើញថាកាន់តែមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្របញ្ញាសិប្បនិមិត្តរបស់ Apple ដោយក្រុមហ៊ុនផលិត iPhone នេះ បាននាំយក Chatbot របស់ក្រុមហ៊ុន AI ឈ្មោះ ChatGPT ទៅកាន់ឧបករណ៍ Apple ក្នុងខែមិថុនា ជាផ្នែកនៃ «Apple Intelligence»។ Apple ក៏ត្រូវបានគេរាយការណ៍ថា នឹងទទួលបានតួនាទីជាអ្នកសង្កេតការណ៍នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ OpenAI ផងដែរ៕