(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Chatbot របស់ខ្លួន ChatGPT ឥឡូវនេះមានអ្នកប្រើប្រាស់សកម្មជាង ២០០លាននាក់ប្រចាំសប្តាហ៍ ដែលជាការកើនឡើងទ្វេដងនៃចំនួនអ្នកប្រើប្រាស់ដែលមាននៅក្នុងរដូវស្លឹកឈើជ្រុះចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងការកើនឡើងនេះ នាយកប្រតិបត្តិក OpenAI លោក Sam Altman ធ្លាប់បានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថាចំនួនអ្នកប្រើប្រាស់ប្រចាំសប្តាហ៍របស់ខ្លួនមានប្រហែល ១០០លាននាក់។ OpenAI បាននិយាយថា ស្ទើរតែ ៩២ភាគរយនៃក្រុមហ៊ុន Fortune 500 បច្ចុប្បន្នកំពុងប្រើប្រាស់ផលិតផល ChatGPT របស់ខ្លួន ហើយក្នុងនោះសូម្បីតែកម្មវិធី API ក៏បានកើនឡើងទ្វេដងផងដែរចាប់តាំងពីការដាក់ឱ្យប្រើប្រាស់នូវម៉ូដែល GPT-4o Mini ថ្មីក្នុងខែកក្កដា។

គួរជម្រាបដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើននាពេលបច្ចុប្បន្ននេះកំពុងសម្រុកចូលទៅក្នុងកម្មវិធីបញ្ញាសិប្បនិម្មិ AI ដោយឡែករបាយការណ៍ថ្មីៗនេះ បានគូសបញ្ជាក់ថា ក្រុមហ៊ុន Apple និង Nvidia ក៏កំពុងពិភាក្សាដើម្បីវិនិយោគនៅក្នុង OpenAI ផងដែរ ដែលជាផ្នែកមួយនៃការរៃអង្គាសប្រាក់ថ្មីដែលផ្តល់តម្លៃដល់ក្រុមហ៊ុនផលិត ChatGPT លើសពី ១០០ពាន់លានដុល្លារឯណោះ៕