(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបើកមជ្ឈមណ្ឌលទិន្នន័យទីពីរនៅអាមេរិកឡាទីនក្នុងទីក្រុង Canelones របស់ Uruguayan ជាមួយកញ្ចប់វិនិយោគជាង ៨៥០លានដុល្លារ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា Google បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅអាមេរិកឡាទីនស្ថិតនៅតំបន់ Quilicura ដែលនៅជិតទីក្រុង Santiago រដ្ឋធានីនៃប្រទេស Chile ក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុននេះបានបណ្តាក់ទុនដំបូងចំនួន ១៥០លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ហើយបានចំណាយបន្ថែម ១៤០លានដុល្លារក្នុងឆ្នាំ ២០១៨ សម្រាប់ការពង្រីកទំហំការងារ។

«យើងសង្ឃឹមថាមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់យើងនៅ Canelones នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យារបស់អ៊ុយរូហ្គាយ និងតំបន់ទាំងមូល» នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Google ។ ក្រៅពីដំណឹងនេះ Reuters ក៏បានរាយការណ៍បន្ថែមថា Google កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយ នៅជិតទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយមជ្ឈមណ្ឌលនេះនឹងរួចរាល់នៅឆ្នាំ២០២៧ ។

គួរជម្រាបថា កាលពីខែមេសា ក្រុមហ៊ុន Google បានប្រកាសពីការវិនិយោគចំនួន ៣ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងរដ្ឋ Indiana និងពង្រីកគេហទំព័រនៅក្នុងរដ្ឋ Virginia ។ Google ក៏បាននិយាយកាលពីខែឧសភាថា ខ្លួននឹងវិនិយោគ ២ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និង Google Cloud នៅក្នុងប្រទេសនេះ៕