(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានផ្ដល់នូវយុទ្ធសាស្ដ្រគន្លឹះសំខាន់ៗចំនួន ៣ ដើម្បីបំផុសចលនាកីឡាការ៉ាតេ ឆ្ពោះទៅរកការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើនាថ្ងៃអនាគត បន្ថែមលើសមិទ្ធផលដ៏ធំៗជាច្រើន ដែលកីឡាការ៉ាតេកម្ពុជា ខិតខំសម្រេចបាន នាពេលកន្លងមក។

នេះបើតាមការលើកឡើងក្នុងពិធីបិទមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២០២៤ និងបន្ដអាណត្តិទី១០ ឆ្នាំ២០២៤-២០២៨ បន្ទាប់ពីដំណើរការសន្និបាតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានទទួលការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី អមជាមួយគណៈកម្មាធិការប្រតិបត្តិ ២២រូបផ្សេងទៀត។

ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា មានប្រសាសន៍ថា ស្របពេលសហព័ន្ធកំពុងអបអរសាទរចំពោះសមិទ្ធផលនានា គ្រប់ភាគីពាក់ព័ន្ធ ក៏ត្រូវបន្ដគិតគូរអំពីទិសដោទៅអនាគត នៃការរីកលូតលាស់នៃកីឡាការ៉ាតេកម្ពុជា ។ ក្នុងនាមប្រធានសហព័ន្ធ លោកយល់ថា កិច្ចការនេះ ទាមទានូវការយកចិត្តទុកដាក់ខ្ពស់ ពិសេសការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ រាប់ចាប់ពីរូបលោកផ្ទាល់ ថ្នាក់ដឹកនាំ និងមន្ដ្រីសហព័ន្ធ ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផងដែរ ។

ដូច្នេះក្នុងអាណត្តិថ្មីខាងលើ លោកបានស្នើឲ្យថ្នាក់ដឹកនាំសហព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដូចជា៖

ក. ការលើកកម្ពស់ «ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា» តាមរយៈ៖

១. ការបំផុសចលនាយុវជន និងមហាជនឲ្យចូលរួមចូលរួមហាត់ និងលេងកីឡា ជាការកម្សាន្ដសប្បាយ និងដើម្បីសុខភាពឲ្យបានកាន់តែច្រើនកុះករ ក្នុងនោះសហព័ន្ធអាចបង្កើត «ទិវាការ៉ាតេជាតិ» ជារៀងរាល់ឆ្នាំនៅតាមទីធ្លាសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ។
២. ការបង្កើតក្រុមសម្ដែងការ៉ាតេពិសេស (Special Karate Show Team) ដោយមានតន្ត្រី និងក្បាច់ការ៉ាតេ ការរៀបចំ Video Sport សម្រាប់ផ្សព្វផ្សាយ ក្នុងបណ្ដាញព័ត៌មានសង្គម និងបណ្ដាញទូរទស្សន៍ ជាដើមសម្រាប់ចូលរួមសម្ដែងនូវភាពអស្ចារ្យ និងភាពប៉ិនប្រសព្វនៃសិល្បៈក្បាច់គុនចម្រុះដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជនចំពោះកីឡាការ៉ាតេ។

ខ. ការអភិវឌ្ឍបច្ចេកទេសជំនាញ តាមរយៈ៖

១. ការបន្តពង្រឹងការហាត់ហ្វឹកហ្វឺនជំនាញ ដោយរៀបចំនូវសិក្ខាសាលាការ៉ាតេ សម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្ដាល ឬចៅក្រម ឲ្យបានដល់គ្រូបង្វឹកទាំងអស់នៅតាមគ្រប់ក្លឹបជាសមាជិកនៃសហព័ន្ធ។
២. ការបន្តយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់ សម្រាប់គ្រប់ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស។

គ. ការកៀរគរចំណូលបន្ថែមសម្រាប់មូលនិធិការ៉ាតេ៖

កន្លងមក ប្រភពថវិការបស់សហព័ន្ធបានមកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបានពីប្រធានសហព័ន្ធផ្ទាល់ និងសហការី។ ប៉ុន្តែថវិកាទាំងនេះ នៅមិនទាន់អាចឆ្លើយតបបានពេញលេញ ទៅនឹងតម្រូវការនៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈបច្ចេកទេសកីឡាការ៉ានៅឡើយ ។ ក្នុងន័យនេះ សហព័ន្ធត្រូវបន្ដខិតខំស្វែងរកវិធីសាស្ដ្រ ដើម្បីបង្កើនចំណូលបន្ថែម ៗស្វះស្វែងរកកម្លាំងគាំទ្រជាក់លាក់ណាមួយ។

បន្ថែមលើនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា «ជាគំនិតផ្ដួចផ្ដើម ខ្ញុំស្នើឯកឧត្តមអគ្គហេរញ្ញិក សហការជាមួយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចលនាឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តចូលរួមទ្រទ្រង់ក្លិបការ៉ាតេ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈសហព័ន្ធ ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងក្លិប និងអភិវឌ្ឍន៍ក្លិបជាសមាជិក ឲ្យបានល្អ ដោយត្រូវបន្ដគោរពនូវគោលការណ៍ សន្សំសំចំ និងច្នៃប្រឌិតខ្ពស់»