(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានសម្រេចចិត្តចូលរួមការប្រកកម្មវិធីអន្ដរជាតិ Malaysia Speed Festival (MSF) Merdeka Race 2024 នៅលើទីលាន Sepang Circurt ដែលជាទីលានស្ដង់ដារអន្ដរជាតិកម្រិត GP លើកដំបូង នៅប្រទេសម៉ាឡេស៊ី នាចុងសប្ដាហ៍នេះ ដើម្បីសាកល្បងសមត្ថភាព ទោះបីមានការខ្វះខាតយ៉ាងណាក្ដី ។

ថ្លែងមុនចាកចេញពីមាតុភូមិ ពិសិដ្ឋ បានឲ្យដឹងថា កន្លងមកខ្លួនធ្លាប់តែចូលរួមប្រកួតក្នុងស្រុក ក៏ដូចជាប្រកួតនៅថៃ លើទីលានខ្នាតតូច ។ ប៉ុន្ដែដោយមានការណែនាំ និងជំរុញពីមិត្ដភ័ក្ដ្រ នាំឲ្យរូបគេសម្រេចចិត្តចុះឈ្មោះចូលរួមព្រឹត្តិការណ៍អន្ដរជាតិខាងលើ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ក្នុងការសាកល្បងសមត្ថភាពជាមួយកីឡាករខ្លាំងៗ លើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ ។

កីឡាករវ័យក្មេងដដែលបន្ដថា ការប្រកួតនេះ មានកីឡាករខ្លាំងៗ មកពីបណ្ដាប្រទេសក្នុងតំបន់ជាច្រើនចូលរួម ។ ចំពោការប្រជែងមេដាយ ពិសិដ្ឋ មិនសូវរំពឹងខ្ពស់ ដោយសារខ្លួនត្រូវប្រើប្រាស់ម៉ូតូគេ ដ្បិតមិនបានយកម៉ូតូផ្ទាល់ខ្លួនទៅប្រណាំងឡើយ ដោយសារលក្ខខណ្ឌច្បាប់ និងបញ្ហាថវិកា ។ យ៉ាងណាមិញ ពិសិដ្ឋ បានប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ ក្នុងនាមកីឡាករតំណាងកម្ពុជា ។

គួរដឹងថា ឈឹម ពិសិដ្ឋ បានចាប់អាជីពកីឡាប្រណាំងម៉ូតូស្ព័រ កាលពីឆ្នាំ២០១៩ ហើយធ្លាប់បានប្រកួតក្នុងស្រុកម្ដង និងចេញទៅប្រកួតនៅថៃ ៤ដង ជាមួយលទ្ធផលល្អបំផុតត្រឹមចំណាត់ថ្នាក់លេខ៥ ។ ចំពោះការប្រកួតផ្លូវការ នៃកម្មវិធី Malaysia Speed Festival (MSF) Merdeka Race 2024 នៅម៉ាឡេស៊ី នឹងប្រព្រឹត្តទៅ នាថ្ងៃទី០១ ខែកញ្ញាខាងមុខ ដោយកីឡាករ ឈឹម ពិសិដ្ឋ នឹងត្រូវប្រណាំងវិញ្ញាសាម៉ូតូស្ព័រ 600 cc Super Roki ៕