(បរទេស)៖ វិទ្យាស្ថានសុវត្ថិភាពបញ្ញាសិប្បនិម្មិត្ត (AI) របស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុន OpenAI និង Anthropic បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីសហការលើការស្រាវជ្រាវ ធ្វើតេស្ត និងវាយតម្លៃលើគំរូបញ្ញាសិប្បនិម្មិត្ត AI របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
របាយការណ៍បានគូសបញ្ជាក់ថា នេះគឺជាកិច្ចព្រមព្រៀងជាលើកដំបូងសម្រាប់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្តដ៏ល្បីទាំងពីរ និងបានកើតឡើងនៅពេលដែក្រុមហ៊ុនកំពុងប្រឈមមុខនឹងការត្រួតពិនិត្យបទប្បញ្ញត្តិលើការប្រើប្រាស់ប្រកដដោយសុវត្ថិភាព និងប្រកបដោយក្រមសីលធម៌នៃបច្ចេកវិទ្យា AI។ នៅក្រោមកិច្ចព្រមព្រៀងនេះ វិទ្យាស្ថានសុវត្ថិភាព AI របស់សហរដ្ឋអាមេរិក និងមានសិទ្ធិចូលប្រើម៉ូដែលថ្មីសំខាន់ៗទាំង OpenAI និង Anthropic មុនពេល និងបន្ទាប់ពីក្រុមហ៊ុនទាំងពីរចេញផ្សាយជាសាធារណៈ។ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យមានការស្រាវជ្រាវរួមគ្នាដើម្បីវាយតម្លៃសមត្ថភាពនៃគំរូ AI និងហានិភ័យដែលទាក់ទងនឹងផលិតផលរបស់ពួកគេផងដែរ។
គួរជម្រាបថា លោក Jason Kwon ប្រធានផ្នែក ChatGPT នៅក្រុមហ៊ុន OpenAI បាននិយាយថា «យើងជឿជាក់ថាវិទ្យាស្ថានមានតួនាទីសំខាន់ក្នុងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវ ហើយសង្ឃឹមថាការងាររបស់យើងរួមគ្នាផ្តល់នូវក្របខ័ណ្ឌមួយដែលពិភពលោកទាំងមូលអាចជឿទុកចិត្តបាន»។ បន្ថែមពីនេះ វិទ្យាស្ថានស្តង់ដារជាតិ និងបច្ចេកវិទ្យា (NIST) នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងវិទ្យាស្ថានសុវត្ថិភាព AI របស់ចក្រភពអង់គ្លេស ក៏នឹងចូលរួមសហការក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់មតិកែលម្អដល់ក្រុមហ៊ុននានាលើការកែលម្អសុវត្ថិភាពផងដែរ៕