(ឡុងដ៏)៖ ខ្សែបម្រើសំខាន់ ២រូបរបស់ក្លិប Manchester City គឺកីឡាករ Mateo Kovacic និង Rodri បានជាសះស្បើយពីបញ្ហារបួស ប៉ុន្តែកីឡាករ Phil Foden នៅមិនទាន់ជាសះស្បើយពីជំងឺនៅឡើយនោះទេ មុនពេលការប្រកួតក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ ទល់នឹងក្លិប West Ham United។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Pep Guardiola ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

ខ្សែបម្រើអន្តរជាតិក្រូអាត Kovacic បានចាកចេញពីទីលានភ្លាមៗ បន្ទាប់ពីតង់ទី២ ក្នុងការប្រកួតកាលពីចុងសប្តាហ៍មុន ដែលយកឈ្នះ ៤-១ ទៅលើក្លិប Ipswich Town ស្របពេលដែលកីឡាករអន្តរជាតិអេស្ប៉ាញ Rodri បានខកខានការប្រកួត ២លើកមកហើយ ដោយសាររបួសសរសៃពួរ ដែលបានរងរបួសនៅព្រឹត្តិការណ៍ European Championship ។

លោក Guardiola បានលើកឡើងថា ក្រុមទាំងមូលស្ថិតក្នុងស្ថានភាពល្អ លើកលែងតែកីឡាករ Foden ដែលនៅមានជំងឺនៅឡើយ ខ្សែបម្រើរូបនេះបានស្ថិតក្នុងក្រុមកីឡាករបម្រុង ក្នុងការប្រកួតបើករដូវកាលរបស់ពួកគេ ក្នុងលទ្ធផលឈ្នះ ២-០ លើក្លិប Chelsea ប៉ុន្តែបានបន្តអវត្តមាន ២ប្រកួតចុងក្រោយ ដោយសារតែមានជំងឺ។

សូមជម្រាបថា ក្លិប Man City កំពុងស្ថិតនៅកំពូលតារាងលីគ Premier League ដោយមាន ៦ពិន្ទុបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ស្របពេលដែលក្លិប West Ham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ដោយមាន ៣ពិន្ទុ ៕