(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានលើកឡើងថា កីឡាករទើបចុះកិច្ចសន្យាថ្មី Mikel Merino អាចនឹងអវត្តមានច្រើនសប្តាហ៍ ដោយសារតែរងរបួសស្មា ហើយនឹងមិនអាចប្រកួត ក្នុងការធ្វើជាម្ចាស់ផ្ទះទល់នឹងក្លិប Brighton & Hove Albion នៅថ្ងៃសៅរ៍នោះទេ ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

ខ្សែបម្រើ Merino ដែលបានចូលរួមជាមួយក្លិប Arsenal ក្រោយពីផ្ទេរពីក្លិប Real Sociedad បានធ្វើការចុះកិច្ចសន្យារយៈពេលវែងកាលពីថ្ងៃអង្គារនោះ បានទទួលរងរបួសស្មាអំឡុងពេលហ្វឹកហាត់នៅក្នុងសប្តាហ៍នេះ ។

អ្នកចាត់ការ Mikel Arteta បានប្រាប់អ្នកសារព័ត៌មានថា «កាលពីថ្ងៃម្សិលមិញ គាត់បានដួល ហើយបានរងរបួសស្មា វាត្រូវបានគេមើលឃើញថា នឹងត្រូវអវត្តមានច្រើនសប្តាហ៍» ។

រំលឹកផងថា Merino ទទួលបានការចាប់អារម្មណ៍ពីក្លិបមានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញដូចគ្នា លោក Mikel Arteta បន្ទាប់កីឡាកររូបនេះ បានបង្ហាញការលេងយ៉ាងលេចធ្លោនៅក្នុងលីគ La Liga ជាមួយការស៊ុតបាន ២០គ្រាប់ និងការរួមចំណែកជួយជម្រើសជាតិអេស្ប៉ាញ លើកពាន Euro 2024 ដែលក្នុងព្រឹត្តិការណ៍នេះរូបគេរកបាន ១គ្រាប់ផងដែរ ៕