(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea បានសម្រេចក្នុងចុះកិច្ចសន្យានាំយកខ្សែបម្រើប្រយុទ្ធ Jadon Sancho មកពីក្លិបរួមលីគ Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងពេលមួយរដូវកាល, នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដែលពេលវេលាបញ្ចាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅផងដែរ ។

កិច្ចព្រមព្រៀងនេះក៏ស្ថិតក្នុងលក្ខខណ្ឌរួមបញ្ចូលទាំងនៅជម្រើសមួយសម្រាប់ Chelsea ក្នុងការចុះហត្ថលេខាលើកីឡាករអង់គ្លេស មានអាយុ ២៤ឆ្នាំរូបនេះ ក្នុងតម្លៃចន្លោះពី ២០ទៅ ២៥លានផោន នៅទីផ្សារដោះដូររដូវក្តៅក្រោយ ។

Jadon Sancho ជាកីឡាករម្នាក់បានចូលរួមជាមួយក្លិប Man United ក្នុងតម្លៃកំណត់ត្រាមួយប្រមាណ ៧៣លានផោន ពីក្លិនអាល្លឺម៉ង់ Borussia Dortmund កាលខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែជួបស្ថានភាពដ៏លំបាកច្រើននៅ Old Trafford ក្នុងរយៈពេល ៣រដូវកាលកន្លងមកនេះ ដែលបង្ហាញខ្លួនសរុបបានតែ ៨៣ប្រកួតប៉ុណ្ណោះ ។

នេះជាការសម្រេចចេញទៅកាន់ក្លិបថ្មី ដើម្បីស្វែងរកជម្រើសលេង បន្ទាប់ពីធ្លាប់មិនមានភាពចុះសម្រុងគ្នាជាមួយអ្នកចាត់ការ Man United លោក Erik ten Hag ខណៈការចូលរួមជាមួយ Chelsea ក៏ស្ថិតក្នុងពេលវេលាស្របគ្នាជាមួយ Raheem Sterling បានសម្រេចចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង ដែលកីឡាករ ២រូបនេះមានទម្រង់លេងបម្រើប្រយុទ្ធដូចគ្នាលើទីលាន ៕