(បរទេស)៖ នាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត CrowdStrike ត្រូវបានរាយការណ៍មកថា នឹងផ្តល់សក្ខីកម្មនៅចំពោះមុខអនុគណៈកម្មាធិការសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ ពាក់ព័ន្ធការអាប់ដេតកម្មវិធីធ្វើឲ្យមានកំហុសបច្ចេកវិទ្យា បណ្តាលឲ្យគាំងកម្មវិធី Microsoft បង្ករបញ្ហាដល់ក្រុមហ៊ុនធំៗនានាជុំវិញពិភពលោក។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Adam Meyers ជាអនុប្រធានជាន់ខ្ពស់នៅ CrowdStrike នឹងផ្តល់សក្ខីកម្មនៅចំពោះមុខអនុគណៈកម្មាធិការសន្តិសុខតាមអ៊ីនធឺណិតអាេមរិក ដើម្បីបញ្ជាក់ពីបញ្ហាដែលបានកើតឡើងកាលពីខែមុន។ ប្រធានគណៈកម្មាធិការសន្តិសុខអាេមរិក បានលើកឡើងថា «ដោយពិចារណាលើផលប៉ះពាល់យ៉ាងសំខាន់នៃការអាប់ដេតកម្មវិធីធ្វើឲ្យកំហុសដោយ CrowdStrike មានលើជនជាតិអាមេរិក និងផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច រាប់ចាប់ពីវិស័យអាកាសចរណ៍រហូតដល់សេវាវេជ្ជសាស្រ្ត យើងត្រូវតែស្តារទំនុកចិត្តឡើងវិញ លើផ្នែក IT ដែលប្រជាជនអាមេរិកជាច្រើនពឹងផ្អែកលើ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ»។
គួរជម្រាបថា បញ្ហាបច្ចេកវិទ្យានេះ គឺបានកើតឡើងកាលពីថ្ងៃទី១៩ ខែកក្កដា បាននាំឱ្យមានការលុបចោលជើងហោះហើរទូទាំងពិភពលោក និងប៉ះពាល់ដល់ឧស្សាហកម្មនានាជុំវិញពិភពលោក រួមមានធនាគារ សេវាថែទាំសុខភាព ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសណ្ឋាគារ។ បញ្ហានេះក៏បានធ្វើឲ្យឧបករណ៍ Microsoft Windows ចំនួន ៨.៥ លានគ្រឿងមានបញ្ហាផងដែរ។ បើនិយាយពីជើងហោះហើរ គឺបានប៉ះពាល់ដល់អ្នកដំណើរ ១.៣លាននាក់ក្នុងរយៈពេល ៥ថ្ងៃ ហើយត្រូវចំណាយអស់៥០០លានដុល្លារ៕