(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងលេចធ្លាយមកថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronic កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុន Nokia ក្នុងគម្រោងទិញយកអាជីវកម្មបណ្តាញទូរស័ព្ទ ដែលមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។ ប្រកាសនេះត្រូវបានគេឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ហើយប្រសិនបើរឿងនេះក្លាយជាការពិត នោះ Samsung Electronic នឹងក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដ៏លេចធ្លោរបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ Sammobile នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា Samsung Electronic បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកអាជីវកម្មបណ្តាញទូរស័ព្ទរបស់ Nokia ដើម្បីកែលម្អផ្នែក Radio Access Network (RAN) របស់ខ្លួន។ ប្រភពបានគូសបញ្ជាក់ថា ឥឡូវនេះ Nokia កំពុងស្ថិតក្នុងការពិភាក្សាអំពីជម្រើសដែលអាចធ្វើបានទាំងអស់ជាមួយនឹងទីប្រឹក្សារបស់ខ្លួន ដែលក្នុងនោះរួមមានការលក់ផ្នែកខ្លះ ឬទាំងអស់ ឬការរួមបញ្ចូលគ្នាជាមួយគូប្រជែងណាមួយរបស់ខ្លួន។
តែយ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីរបាយការណ៍នេះ Nokia នៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ។
គួរជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronic បានកាន់កាប់ចំណែកទីផ្សារ RAN ប្រមាណ ២៥.៦ភាគរយ ប៉ុន្តែក្រុមហ៊ុននេះនៅតែជួបបញ្ហាប្រឈមខ្លាំងជាមួយនឹងដៃគូរប្រកួតប្រជែងដូចជា Ericsson និង Huawei។ តាមការគូសបញ្ជាក់ប្រសិនកិច្ចពិភាក្សាទទួលបានជោគជ័យ Samsung Electronic និងទទួលបានចំណែកទីផ្សារកើនឡើង ៦.១ភាគរយបន្ថែមទៀត ព្រមទាំងក្លាយជាអ្នកផ្គត់ផ្គង់ RAN ធំទី២ របស់ពិភពលោក៕