(ភ្នំពេញ)៖ អបអរសាទរ​ កីឡាករ លឹម ពិសុទ្ធ ម្ចាស់អាវលេខ១៧ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានជាប់ជាកីឡាករល្អប្រចាំខែសីហា ជាមួយការទទួលបានប្រាក់លើកទឹកចិត្ត ៦០០ដុល្លា នៅក្នុងការចាប់ផ្តើមរដូវកាលថ្មី ជើងឯកខេមបូឌានព្រីមៀរលីគ Cambodia Premier League 2024-25 ។

គួររំលឹកផងថា កីឡាករ លឹម ពិសុទ្ធ ដែលជាខ្សែប្រយុទ្ធឆ្នើម របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន ​ក្រោយបានឆ្លងកាត់៣ប្រកួតកន្លងមកនេះ គឺរូបគេ រកបាន២គ្រាប់​ ដោយគ្រាប់ទី១​ យកឈ្នះលើក្រុមវិសាខា ៤-២ និងគ្រាប់ទី២ បានស៊ុតរួមចំណែកជួយក្រុមភ្នំពេញក្រោនយកឈ្នះបឹងកេត ២-១​​​ ក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។

ទទឹមនេះដែល កីឡាករ លឹម ពិសុទ្ធ​​​ ក៏បានជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា​ ​ដើម្បីត្រៀមការប្រកួតពានរង្វាន់ វគ្គជម្រុះតទល់ជាមួយក្រុមជម្រើសជាតិស្រីលង្កា ​នៃពានAFC Asian Cup Saudi Arabia 2027 ។

សូមជម្រាបថា កម្ពុជា នឹងតទល់ជាមួយក្រុមស្រីសង្កា ក្នុងការប្រកួតជើងទី១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៤៥នាទីល្ងាច នាកីឡដ្ឋាន Racecourse International Stadium, Colombo និងជើងទី២ កម្ពុជា ប៉ះស្រីលង្កា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីយប់ ធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក) ៕