(ភ្នំពេញ)៖ នៅទីបំផុតប្រទេសកម្ពុជា បានរកឃើញម្ចាស់គ្រងម្គុដ តំណាងឱ្យប្រទេសរបស់ខ្លួនហើយ គឺបានទៅលើស្រីស្អាត ឡូយ ច័ន្ទរស្មី ម្ចាស់ម្កុដ «Miss Cambodia 2024» ត្រូវបន្តបេសកកម្មតំណាងកម្ពុជា ទៅកាន់ទឹកដីប្រទេសជប៉ុន លើវេទិកាប្រកួតសម្រស់បវរកញ្ញាដ៏ធំចំណាត់ថ្នាក់ទី៣ លើពិភពលោក។

ពិធីប្រកួតកញ្ញាឯកកម្ពុជាឆ្នាំ 2024 «Miss Cambodia 2024» នាំមកជូនដោយ CSNJ CO., LTD. ក្រោមវត្តមានអញ្ជើញជាអធិបតី លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងវត្តមាន លោក លោកស្រី ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ទីស្តីការគណៈរដ្ឋមន្ត្រី។ វគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាកិត្តិយស និងបំពាក់ម្កុដដល់ម្ចាស់កញ្ញាឯកកម្ពុជា ២០២៤ ដោយកញ្ញា Andrea V Rubio Miss International 2023 មកពីប្រទេស Venezuela។

នាឱកាសនេះដែរ ម្ចាស់ម្កុដកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ ទទួលបានខ្សែ ក ស្វារ៉េពេជ្រ ១ខ្សែ និងរថយន្ត ១គ្រឿង រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត សម្រាប់រកប្រាក់ចំណូលពី ការថតផ្សាយស្ពតឱ្យ ហាងពេជ្រ CSNJ។

អ្វីដែលកាន់តែពីសេស ក្នុងការប្រកួត «Miss Cambodia 2024» គឺបេក្ខនារីត្រូវតែមានសមត្ថភាព រូបសម្រស់ ចំណេះដឹង ភាពក្លាហាន សីលធម៌សង្គមពិតប្រាកដ ដើម្បីតំណាងឱ្យប្រទេសកម្ពុជា ឡើងទៅលើឆាកអន្តរជាតិ។ ការបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស បេក្ខនារីត្រូវតែមានភាពក្លាហាន ម៉ឺងម៉ាត់ ស្គាល់ពីវប្បធម៌របស់ខ្លួនពិតៗ នឹងក្ដីសង្ឃឹមខ្ពស់ ក្នុងការដណ្ដើមបានជ័យលាភីមកកាន់ប្រទេសជាតិខ្លួនវិញ។

សូមបញ្ជាក់ដែរថា Miss Cambodia 2024 នាឱកាសឆ្នាំនេះ ដោយអញ្ជើញចូលរួមពី បវរកញ្ញាអន្តរជាតិ កញ្ញា Andrea V Rubio Miss International 2023 មកពីប្រទេស Venezuela បានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដើម្បីធ្វើទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗជុំវិញរាជធានីភ្នំពេញ និងរួមបំពាក់ម្គុដជូន Miss Cambodia 2024។ បន្ដែមពីនេះ កញ្ញា Andrea Rubio Miss International 2023 បានធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗ ជុំវិញរាជធានីភ្នំពេញ ដើម្បីបង្កើនអនុស្សាវីរយ៍ល្អៗ ភាពស្និទ្ធស្នាល និងឈ្វេងយល់ពីវប្បធម៌ អរិយធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជា រួមទាំងការថតបង្ហាញម៉ូដគ្រឿងពេជ្រដ៏ប្រណិតរបស់ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ផងដែរ ៕