(លីយ៉ុង)៖ ក្លិបបារាំង Olympique Lyonnais បានចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបសញ្ជាតិកូតឌីវ័រ Wilfried Zaha របស់ Galatasaray លើកិច្ចព្រមព្រៀងខ្ចីជើង សម្រាប់រដូវកាល២០២៤-២០២៥។ នេះបើតាមការប្រកាសពីក្លិបតួកគី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

Galatasaray បានឱ្យដឹងថា Lyon នឹងចំណាយលើការផ្ទេរបណ្តោះអាសន្នចំនួន ៣លានអឺរ៉ូ សម្រាប់ការខ្ចីជើងកីឡាករនេះ។

កាលពីខែកក្កដា ឆ្នាំ២០២៣ Zaha បានចូលរួមជាមួយ Galatasaray លើកិច្ចព្រមព្រៀង ៣ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់លោកនៅក្លិប Crystal Palace ផុតកំណត់។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ រកបាន ១០គ្រាប់ ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul។ លោកបានលេងត្រឹមតែការប្រកួតមិត្តភាព ២លើកប៉ុណ្ណោះ សម្រាប់ក្រុមជម្រើសជាតិកូតឌីវ័រកាលពីឆ្នាំមុន និងមិនបានជាប់ជម្រើសជាតិឡើយនៅ Cup of Nations របស់ពួកគេ៕