(ភ្នំពេញ)៖ នៅប្រទេសកម្ពុជាយើង ទើបតែរយៈពេលប្រមាណជាង ៣០ឆ្នាំ ចុងក្រោយនេះទេ ដែលកម្ពុជាបានរីកលូតលាស់ស្ទើរគ្រប់វិស័យ ជាពិសេសប្រជាជនអាចមានលទ្ធភាពក្នុងការរកចំណូល ដែលនាំឱ្យគ្រួសារមានជីវភាពធូរធារ។ ដោយសារតែកត្តាសេដ្ឋកិច្ចរីកចម្រើន និងកំណើនប្រជាជនផងនោះ គ្រួសារមានសមាជិកច្រើនដែលធ្លាប់តែស្នាក់នៅផ្ទះមួយរួមគ្នា អាចមានលទ្ធភាពក្នុងការស្វែងរកទិញផ្ទះដើម្បីបង្កើតគ្រួសាររៀងៗខ្លួន ។ ដោយមើលឃើញពីតម្រូវការដូច្នេះហើយ ទើបមានអ្នកវិនិយោគមួយចំនួនមានគំនិតក្នុងការសាងសង់ជាលំនៅដ្ឋានដូចៗគ្នា ចំនួនច្រើនស្ថិតក្នុងទីតាំងតែមួយដែលគេហៅថា “បុរី” ។
ដោយមានការគាំទ្រពីប្រជាជនកម្ពុជា គម្រោងបុរីជាច្រើនបន្តបន្ទាប់ បានរីកដុះដាលឡើងនៅគ្រប់តំបន់នៃរាជធានីភ្នំពេញ និងមានមួយចំនួនស្ថិតនៅតាមបណ្តាខេត្តផងដែរ ។ តើដើម្បីអាចសាងសង់បុរី ឬមានគម្រោងអភិវឌ្ឍបុរីមួយឱ្យស្របច្បាប់បាន ត្រូវមានលក្ខខណ្ឌ ការអនុញ្ញាត និងឆ្លងកាត់នីតិវិធីបែបបទដូចម្តេចខ្លះ?
សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទថ្មីមួយទៀតស្តីពី “ការអនុញ្ញាតអភិវឌ្ឍគម្រោងបុរី” មកធ្វើការបង្ហាញជូនបងប្អូនសាធារណជន សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានលម្អិត ថាតើការអនុញ្ញាតអភិវឌ្ឍគម្រោងបុរីប្រព្រឹត្តទៅដូចម្តេចខ្លះ? តើបងប្អូនគួរសិក្សាលើចំណុចណាខ្លះចំពោះបុរី មុននឹងធ្វើការសម្រេចចិត្តទិញ?
គម្រោងអភិវឌ្ឍបុរីនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ហាក់មានចំនួនកើនឡើងយ៉ាងគំហុក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនេះក៏ព្រោះតែគម្រោងបុរីដែលមានវត្តមានមុនៗ ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារបរិបទនៃការរស់នៅបែបបុរីនេះ ហាក់មានរសនិយមថ្មីប្លែក និងមានភាពស៊ីវីល័យសម្រាប់យុគសម័យថ្មីនេះ ។
ដោយមើលឃើញពីឱកាសក្នុងការវិនិយោគនេះ អ្នកអភិវឌ្ឍជាច្រើនបានបោះដើមទុន និងប្រកាសផ្សព្វផ្សាយលក់ជាបន្តបន្ទាប់អំពីគម្រោងបុរីរបស់ខ្លួន ដែលគម្រោងខ្លះទទួលបានជោគជ័យ និងគម្រោងជាច្រើនទៀតបានក្ស័យធន ផ្អាកការសាងសង់ និងបោះបង់គម្រោងចោលជាដើម ជាហេតុនាំឱ្យសាធារណជនមួយចំនួន ទទួលរងគ្រោះដោយសារកត្តាទាំងអស់នេះ ។
តាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បានកំណត់យ៉ាងច្បាស់អំពីលក្ខខណ្ឌ និងបុគ្គលដែលមានសិទ្ធិអាចអភិវឌ្ឍអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាបាន លុះត្រាតែមានអាជ្ញាបណ្ណដែលចេញដោយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលសរសេរជាអក្សរកាត់ថា ន.អ.ប. (លើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ) ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត (ចាប់ពី០៣-៣០ល្វែង ឬ០៣-៣០ភូមិគ្រឹះ) ជាមុនសិន។
អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានគេបែងចែកជា ០៣ ប្រភេទដូចជា៖ (១). អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន (២). អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ (៣). អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍ ។ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនេះ ត្រូវបានបែងចែកជា ០២ ប្រភេទផ្សេងទៀត សម្រាប់បុគ្គលអភិវឌ្ឍអចលនវត្ថុ ជ្រើសរើសក្នុងការដាក់ពាក្យស្នើសុំគឺ៖
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១៖ ផ្តល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយ ដែលសាងសង់គម្រោងចប់ជាស្ថាពរ ទើបប្រកាសលក់ ឬជួល ។
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២៖ ផ្តល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយ ដែលសាងសង់គម្រោងបណ្តើរ និងប្រកាសលក់ ឬជួលបណ្តើរ ។ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយប៉ុណ្ណោះ ហើយក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋានបែងចែកជាច្រើនដំណាក់កាល នោះអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបានផ្តល់តាមដំណាក់កាលនៃគម្រោងអភិវឌ្ឍនោះ ។
ដោយឡែក គេបានកំណត់លក្ខខណ្ឌមួយចំនួន ចំពោះអ្នកដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដូចជា៖ មានដើមទុនអប្បបរមា ២០ (ម្ភៃ) ភាគរយ នៃថ្លៃសំណង់ ចំពោះបុគ្គលស្នើសុំអាជ្ញាបណ្ណប្រភេទ២, មានដើមទុន ១០០ (មួយរយ) ភាគរយ នៃថ្លៃសំណង់ ចំពោះបុគ្គលស្នើសុំអាជ្ញាបណ្ណប្រភេទ១, ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម, បើកគណនីអភិវឌ្ឍអចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា, រៀបចំផែនការអាជីវកម្មអភិវឌ្ឍគម្រោង និងលក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ ន.អ.ប.។
ក្រោយពីបុគ្គលអភិវឌ្ឍអចលនវត្ថុបំពេញលក្ខខណ្ឌ និងជ្រើសរើសប្រភេទនៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ទៅតាមទំហំនៃគម្រោងរបស់ខ្លួនហើយ បុគ្គលអភិវឌ្ឍអចលនវត្ថុត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារតម្រូវដូចខាងក្រោម៖
• លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម តាមគំរូរបស់ ន.អ.ប. ឬមន្ទីរ
• ឯកសារបញ្ជាក់កាន់កាប់ដីអភិវឌ្ឍគម្រោង
• លិខិតអនុញ្ញាតសាងសង់ និង/ ឬលិខិតបើកការដ្ឋានសាងសង់ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
• លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍអចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា (សម្រាប់អាជ្ញាបណ្ណប្រភេទ២)
• ឯកសារបញ្ជាក់ថ្លៃសំណង់សរុប ឬតាមដំណាក់កាល ដែលចេញដោយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម (សម្រាប់អាជ្ញាបណ្ណប្រភេទ២)
• គំរូកិច្ចសន្យាលក់ទិញ ឬជួល
• ផែនការអាជីវកម្មអភិវឌ្ឍគម្រោង
• លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម និងភាគហ៊ុនិកទាំងអស់ ដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី (ចំពោះជនបរទេស)
• បណ្ណពន្ធប៉ាតង់ ឬឯកសារបញ្ជាក់ការបង់ពន្ធ
• លិខិតបញ្ជាក់សមាសភាព ឬការផ្តល់អាណត្តិអ្នកតំណាងស្របច្បាប់ក្នុងការធ្វើសកម្មភាពផ្លូវច្បាប់ក្នុងនាមម្ចាស់គម្រោងអភិវឌ្ឍ
• សៀវភៅបន្ទុកតាមគំរូរបស់ ន.អ.ប. ឬមន្ទីរ
• លក្ខខណ្ឌតម្រូវផ្សេងទៀត ដែលកំណត់ដោយ ន.អ.ប. ។
ន.អ.ប. ឬមន្ទីរមានរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីត្រួតពិនិត្យ និងសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម គិតចាប់ពីថ្ងៃដែលទទួលបានសំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវតាមលក្ខខណ្ខតម្រូវរបស់ ន.អ.ប. ។ ក្នុងករណីនេះ ន.អ.ប. ឬមន្ទីរ មានសិទ្ធិក្នុងការផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្មរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុ ប្រសិនបើរកឃើញថា បុគ្គលអភិវឌ្ឍអចលនវត្ថុ បានធ្វើសកម្មភាពណាមួយដូចមានចែងត្រង់ប្រកាស៣៦ និង៣៧ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។
សរុបជារួមមក ដើម្បីអាចអភិវឌ្ឍគម្រោងបុរីមួយបានដោយជោគជ័យ និងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ អ្នកអភិវឌ្ឍអចលនវត្ថុ ឬម្ចាស់បុរី គប្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌដែលច្បាប់តម្រូវ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងសាធារណជន ក៏ដូចជាជួយអភិវឌ្ឍប្រទេសជាតិផងដែរ ។ ដោយឡែក ចំពោះបងប្អូនដែលមានបំណងចង់ទិញអចលនវត្ថុដែលជាគម្រោងបុរីណាមួយ ជាសិទ្ធិសេរីភាព និងចំណង់ចំណូលចិត្តតាមបែបរសនិយមរៀងៗខ្លួន ប៉ុន្តែមុននឹងសម្រេចចិត្តក្នុងការទិញ គប្បីពិនិត្យទៅលើចំណុចសំខាន់ៗ និងលក្ខខណ្ឌដូចរៀបរាប់ខាងលើ ចៀសវាងការទិញចំគម្រោងដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ ពេលវេលា និងទំនុកចិត្ត ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕