(ឡុងដ៏)៖ ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអេហ្ស៊ីប Mohameda Salah បាននិយាយថា «នេះជារដូវកាលចុងក្រោយនៅក្លិប Liverpool» ដោយការលើកឡើងនេះបន្ទាប់ពីបានស៊ុតជួយក្រុម Liverpool យកឈ្នះក្រុម Manchester United ៣-០ ក្នុងលីគអង់គ្លេស Premier League ។

ខ្សែប្រយុទ្ធរូបនេះបានបន្តថា «មិនមាននរណាម្នាក់នៅក្នុងក្លិបបាននិយាយជាមួយរូបគេ អំពីកិច្ចសន្យាថ្មីនោះទេ» ដ្បិតកិច្ចសន្យារបស់ Salah និងផុតកំណត់នៅរដូវក្តៅក្រោយ ដែលជាកីឡាករម្នាក់មកដល់ពេលនេះរកបាន ១៥៨គ្រាប់ជាមួយក្លិប Liverpool ។

ស្ថិតក្នុងជំនួបយកឈ្នះ Man United រូបគេបានស៊ុតបញ្ចូកទីនៅនាទី៥៦ ជាមួយមិត្តរួមក្រុម Luis Diaz រកបាន ២គ្រាប់នៅក្នុងជំនួបនៅទឹកដី Old Trafford ដែលនាំឱ្យក្រុមដឹកនាំដោយលោក Arne Slot រកបាន ៩ពិន្ទុឈរលេខ២ បណ្តោះអាសន្ន ហើយក្រុមលោក Erik Ten Hag ធ្លាក់ទៅលេខ១៤ ក្នុងតារាង។

ហើយប្រកួតបន្ទាប់ Liverpool បន្តប៉ះក្រុម Nottingham Forest ខណៈ Man United ចេញទៅលេងទល់នឹង Southampton ក្នុងសប្តាហ៍ទី៤ នៅថ្ងៃទី១៤ ខែកញ្ញានេះ ។

រំលឹកផងថា កាលពីខែកក្កដាឆ្នាំ២០២២ ខ្សែប្រយុទ្ធ Salah បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាថ្មីមានរយៈពេល ៣ឆ្នាំបន្ថែម ដែលមានរបាយការណ៍មកថា រូបគេជាកីឡាករម្នាក់ក្នុងមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយមានច្រើនជាង ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ ។

ជាមួយគ្នានោះក្លិប Liverpool ក៏ធ្លាប់បានច្រានចោលសំណើ ១៥០លានផោន ពីក្លិប Al-Ittihad សម្រាប់ការចង់បាន Salah កាលពីខែកញ្ញាឆ្នាំមុនផងដែរ ដែលជាកីឡាករដំបូងគេបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ៥ប្រកួតជាប់គ្នា ជាមួយក្លិប Manchester United ក្នុងលីគ Premier League ៕