(ភ្នំពេញ)៖ តេលាខ្មែរ បានជ្រើសយកតារាចម្រៀងដ៏ល្បី របស់ប្រទេសកម្ពុជា គឺលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈតេលាខ្មែរ។

តេលាខ្មែរជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម្ល៉េះ ឥឡូវនេះតេលាខ្មែរបានវិលមក បម្រើសេវាផ្គត់ផ្គង់ ផលិតផលប្រេងឥន្ធនៈ ជូនប្រជាជនកម្ពុជាជាថ្មីម្ដងទៀត រួមទាំងបន្ថែមនូវឧស្ម័ន (LPG) ផងដែរ។

តេលាខ្មែរពិតជាសេចក្តីសោមនស្សរីករាយណាស់ ក្នុងការទទួលយកតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជាគឺលោកស្រី ឱក សុគន្ធកញ្ញា បានចូលរួមជាសមាជិកមួយ នៃគ្រួសារតេលាខ្មែរ ដើម្បីជាតំណាង និងជួយជំរុញចក្ខុវិស័យរបស់តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។

តេលាខ្មែរប្ដេជ្ញាចិត្ត ក្នុងការចូលរួមជួយអភិវឌ្ឍ ជីវភាពប្រជាជនខ្មែរ ឱ្យបានកាន់តែប្រសើរឡើង សូមចូលរូមរង់ចាំនូវកម្មវិធីថ្មីៗពីតេលាខ្មែរក្នុងពេលឆាប់ៗនេះ។

លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងតេលាខ្មែរ បានថ្លែងបន្ដថា «ខ្ញុំសង្ឃឹម និងជឿជាក់ថា បងប្អូននឹងចូលរួមគាំទ្រផលិតផល របស់ក្រុមហ៊ុនខ្មែរមួយនេះ ប្រេងឥន្ធនៈតេលាខ្មែរ ជាផលិតផលដែលមានគុណភាព សេវាកម្មល្អ ក្នុងនោះសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើផលិតផលខ្មែរ។ ក្នុងនោះក្រុមហ៊ុននឹងខិតខំអភិវឌ្ឍន៍បន្ដ ដើម្បីបំពេញតម្រូវការអតិថិជនបន្ថែមទៀត»

លោកស្រី ឱក សុគន្ធកញ្ញា បានថ្លែងឲ្យដឹងថា «តេលាខ្មែរមិនមែនជាស្ថានីយ៍ប្រេងឥន្ធនៈតេលាខ្មែរធម្មតានោះទេ ប៉ុន្ដែជាក្រុមហ៊ុនដែលជំរុញភាពរីកចម្រើន លើកស្ទួយមរតកវប្បធម៌ខ្មែរ សម្រាប់ប្រជាជនខ្មែរលើឆាកអន្ដរជាតិ បទពិសោធន៍ដែលខ្ញុំទទួលបាននៅថ្ងៃនេះ ធ្វើឲ្យខ្ញុំជឿជាក់ជាខ្លាំង និងប្ដេជ្ញាគាំទ្រ ផ្សព្វផ្សាយ និងលើកម្ពស់ប្រេងឥន្ធនៈតេលាខ្មែរ ឲ្យបានទូលំទូលាយ»

លោកស្រីបានបន្ដថា «ក្នុងនាមជាទូតសុច្ឆន្ទៈរបស់តេលាខ្មែរ ខ្ញុំមិនមែនជាតួអង្គតំណាងនោះទេ ប៉ុន្ដែខ្ញុំនឹងប្រើប្រាស់សមត្ថភាព និងការប្រឹងប្រែងចូលរួម ក្នុងចក្ខុវិស័យរបស់តេលាខ្មែរផងដែរ ដើម្បីដើរឆ្ពោះទៅមុខទៅរកភាពផ្គត់ផ្គង់ផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ និងបច្ចេកទេសថ្មីតាមស្ដង់ដារអ ន្ដរជាតិ»

លោកស្រី ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា ក្នុងនោះយើងបានសិក្សាលើផលិតផល និងសារៈប្រយោជន៍នៃប្រេងសាំង និងប្រេងម៉ាស៊ូត គីណេតិច  និងឧស្ម័នLPG ដោយបានជឿជាក់លើផលិតផលទាំងនេះ មិនត្រឹមតែជាប្រេងឥន្ធនៈធម្មតានោះទេ ប៉ុន្ដែជាការបង្ហាញពីទស្សនៈវិស័យរបស់តេលាខ្មែរ ក្នុងការផ្គត់ផ្គង់ផលិតផលមានគុណភាពខ្ពស់ សម្រាប់ប្រជាជនខ្មែរ ជាមួ យបច្ចេកវិទ្យាចុងក្រោយ ពីសហរដ្ឋអាមេរិក និងការពិនិត្យគុណភាពយ៉ាងម៉តចត់។

សូមជម្រាបថា តេលាខ្មែរ ត្រូវបានបង្កើតឡើងក្រោមចក្ខុវិស័យ ផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័នLPG ដែលមានគុណភាពខ្ពស់ជូន ប្រជាជនខ្មែរ ក្នុងនោះបុគ្គលិកសេវាកម្ម របស់តេលាខ្មែរ បានទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលយ៉ាងមោះមុត ដើម្បីផ្តល់សេវាទៅកាន់អតិថិជន តាមបែបវប្បធម៌ខ្មែរ ខ្មែរជួយខ្មែរ និងចិត្តទំលំទូលាយ៕