(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែលមានសមត្ថភាពប្រហែល ១ ០០០ នាក់ ពីសាកលវិទ្យាល័យចំនួន ២៥ ទូទាំងប្រទេស ជួបជុំគ្នាក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ ដែលប្រព្រឹត្តទៅចំនួនបីថ្ងៃ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP’s ATC) ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែសីហា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program) រដូវកាលទី២ របស់សហគ្រិនខ្មែរ។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មានកម្មវិធីធំៗ បី គឺ UnipreneurCamp, UnipreneurSprint និង UniPreneur National Challenge ដែលសហគ្រិនខ្មែរបានបង្កើតឡើង បានដើរតួជាវេទិកាយ៉ាងសំខាន់ក្នុងការ កសាងសមត្ថភាពដល់សហគ្រិននិស្សិតដើម្បី បង្ហាញពីភាពប៉ិនប្រសប់ ដោយកែប្រែគំនិតឆ្នៃប្រឌិតរបស់ពួកគេ ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមសេដ្ឋកិច្ច តាមរយៈដំណោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធរណៈ និងវិស័យឯកជន។
លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកសេវាកម្មសិក្សា នៃសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) បានបង្ហាញពីការសប្បាយរីករាយសម្រាប់ការចូលរួមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីប្រកួត UniPreneur National Challenge នេះ។ លោកបានថ្លែងថា «AUPP មានបំណងច្បាស់លាស់ក្នុងការ ជ្រុំជ្រែង និងផ្សព្វផ្សាយ វប្បធម៌ និងចំណះដឹងអំពី នវានុវត្តន៍ និងសហគ្រិនភាព ទៅកាន់និស្សិតរបស់យើង។ កម្មវិធីប្រកួតប្រជែង UniPreneur National Challenge នេះ បានផ្តល់វេទិកាមួយដ៏ល្អសម្រាប់ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ក្នុងការ បង្ហាញនូវទេពកោសល្យរបស់ពួកគេ ហើយទទួលបានមតិកែលំអ ពីសហគ្រិន និងអ្នកជំនាញដែលមានបទពិសោធន៍ និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ»។
ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់និស្សិតសហគ្រិនឆ្នើមចំនួន ៧៥ ក្រុម មកពីជាង ២៥ សាកលវិទ្យាល័យ ដែលជាក្រុមជម្រើសពីកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉នបន្ថែមនូវចំណេះដឹងក្នុងការ ត្រៀមខ្លួនប្រកួតថ្នាក់ជាតិ។ ក្រុមទាំងអស់បានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។ មានតែ ៦ ក្រុមតែប៉ុណ្ណោះដែលទទួលបានជ័យលាភី នៅវគ្គផ្តាច់ព្រ័ត ហើយទទួលការញ្ជើញចូលរួមក្នុង សន្និបាតប្រចាំឆ្នាំ របស់សហគ្រិនខ្មែរ «Khmer Enterprise Summit 2024»។
ក្រុមជើងឯក ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត UniPreneur National Challenge នឹងទទួលបានឱកាស ដ៏ពិសេសក្នុងការចូលរួមជាមួយក្រុមសហគ្រិនឆ្នើមដទៃទៀត មកពីការប្រកួតកម្មវិធីធំៗដទៃទៀត របស់សហគ្រិនខ្មែរ។
សន្និបាតនេះនឹងដើរតួជាវេទិកាសម្រាប់ សហគ្រិន ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានអប់រំ សមាគមធុរកិច្ច ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ សំខាន់ៗផ្សេងទៀតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងការសហការ ដើម្បីបន្តអភិវឌ្ឍវិស័យសហគ្រិនភាព ឱ្យកាន់តែរស់រវើក។
នៅពេលដែលកម្ពុជាបន្តកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យ (UniPreneur National Challenge) គឺជាក្តីសង្ឃឹម និងឱកាសសម្រាប់យុវជនដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន នាពេលអនាគត។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ នវានុវត្តជនវ័យក្មេងទាំងនេះកំពុងស្ថិតក្នុងវិថីកសាង ឥទ្ធិពលដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕