(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធចូលរួមការប្រកួតកម្រិតទី១ ប្រចាំតំបន់អាស៊ាន នៃព្រឹត្តិការណ៍ SEA V.League 2025 ជាផ្លូវការហើយ ក្រោយជោគជ័យក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី SEA V.League Challenge ឆ្នាំ២០២៤ ដោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ក្នុងទឹកដីរបស់ខ្លួន ។ នេះគឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមបាល់ទះកម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ។

ការប្រកួតសន្សំពិន្ទុ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហានេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អនៅ ៣ប្រកួត ដោយប្រកួតទី១ បានយកឈ្នះម៉ាឡេស៊ី ៣-១(សិត) ជាមួយពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១ និង ២៥-២១ និងនៅថ្ងៃទី៣១-សីហា ប្រកួតទី២ បានយកឈ្នះឡាវ ៣-០(សិត) ជាមួយពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-២៣ មុនបន្ដឈ្នះសិង្ហបុរី ៣-១(សិត) ជាមួយពិន្ទុ ២៥-២០, ២៥-១០, ២៣-២៥ និង ២៥-១៨ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញានេះ ។

ជ័យជម្នះគ្រប់ការប្រកួតនេះ នាំឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈរកំពូលតារាង ខណៈយោងតាមលក្ខខណ្ឌសមាគមកីឡាបាល់ទះអាស៊ីអាគ្នេយ៍(SAVA) កម្ពុជាគឺទទួលបានសិទ្ធចូលរួមការប្រកួតបន្ទាប់ នៃព្រឹត្តិការណ៍បាល់ទះកម្រិតទី១ ប្រចាំតំបន់ SEA V.League 2025 ជំនួសក្រុមបាតតារាងក្នុងចំណោម ៤ប្រទេស ដែលលេងពាន SEA V.League 2024 ពោលគឺក្រុមវៀតណាម ដែលឈរលេខ៤ បន្ទាប់ពីថៃ គ្រងជើងឯក, ឥណ្ឌូនេស៊ី ជាប់លេខ២ និងហ្វីលីពីន ជាប់លេខ៣ កាលពីថ្មីៗ ។

ទន្ទឹមជាមួយការទទួលបានកៅអីលេខពានរង្វាន់ប្រចាំតំបន់ខាងលើ ក្រុមបាល់ទះកម្ពុជា នៅសល់ភារកិច្ចដ៏សំខាន់ ១ទៀត ក្នុងការប្រកួតដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ នៅថ្ងៃទី០២ ខែកញ្ញានេះ ជាមួយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមឈរលេខ១ កម្ពុជា ត្រូវជួបក្រុមឈរលេខ៤ ឡាវ ខណៈក្រុមឈរលេខ២ ម៉ាឡេស៊ី ត្រូវជួបក្រុមឈរលេខ៣ សិង្ហបុរី ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅល្ងាចថ្ងៃដដែលនេះ ។

សម្រាប់ការប្រកួតវគ្គខ្វែងនៅព្រឹកនេះដែរ ក្រុមបាល់ទះកម្ពុជា បានបន្ដយកឈ្នះក្រុមឡាវ ៣-០ (សិត) ជាមួយពិន្ទុ ២៥-១៦, ២៧-២៥ និង ២៥-១៧ ដែលនាំឲ្យកម្ពុជា ឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ រង់ចាំក្រុមឈ្នះរវាងម៉ាឡេស៊ី និងសិង្ហបុរី ។ សម្រាប់ប្រាក់រង្វាន់ជយលាភី ក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល, លេខ២ ទទួលបាន ៣០លានរៀល, លេខ៣ ទទួលបាន ២០លានរៀល និងលេខ៤ ទទួលបាន ១០លានរៀល ៕