(បរទេស)៖ នាពេលថ្មីៗនេះ ប្រភពបានទម្លាយពីការឌីហ្សាញ់ស្មាតហ្វូនថ្មីនោះ គឺត្រកូល Mate 70 Series របស់ក្រុមហ៊ុន Huawei ដែលមានគែមជុំវិញកោងដូចគ្នាទៅជំនាន់មុន Mate 60 Series អញ្ចឹង ប៉ុន្តែមានភាពខុសគ្នាទៅលើកាមេរ៉ា រួមជាមួយ និងផ្នែកមួយចំនួនទៀត។

បើតាមការចេញផ្សាយដោយសារព័ត៌មាន GSM Arena បានឲ្យដឹងថា ម៉ូដែល Mate 70 Pro នេះ នៅតែបន្តការឌីហ្សាញ់ជាមួយរូបរាងកាមេរ៉ាមានរាងមូល និងមានការឌីហ្សាញ់ស៊ុមកញ្ចក់ក្រាស់បន្តិច ខណៈដែល LED flash ត្រូវបានផ្លាស់ប្តូរមកនៅខាងក្រោមស៊ុម ហើយនៅខាងលើនោះគឺមានការសសេរអក្សរថា «AI-DC» ដែលសំដៅទៅលើការផលិតរូបភាព និងវីដេអូ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា AI។

គួរជម្រាបថា សម្រាប់ស្មាតហ្វូន Mate 70 Pro នេះទៀតសោត ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9100 និងមានការផ្លាស់ប្តូរទៅលើកាមេរ៉ាគោល និងបច្ចេកវិទ្យានានា។ បើតាមប្រភពកន្លងមកបាននិយាយថា Mate 70 Pro នឹងមានកាមេរ៉ាគោលទំហំ 60MP ជំនួសអោយទំហំ 50MP នៅលើម៉ូដែលមុន៕