(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ៦រូប លើ ៣ប្រភេទកីឡា នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ បានធ្វើដំណើរចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព និងគុណផលកម្រិតខ្ពស់ ជាមួយគ្រូជំនាញ នៅមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ។

ការចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនេះ រួមមានអត្តពលិកកីឡាកាយសម្ព័ន្ធ (កីឡាករ ទែន វ៉ាន់ដេត និង ភាព យុង), កីឡាលើកទម្ងន់ (កីឡាការិនី ជ័យ សៅសុជាតា និង ទ្រី សុភ័ក្ដ្ររាជ) និងអត្តពលិកកីឡាគុនដាវ (កីឡាករ ថុង តាំងជីន និងកីឡាការិនី យី លីហ្សា) ។

លោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនដឹកនាំអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន ការហ្វឹកហាត់នេះមានរយៈពេល ៤ខែ ចាប់ពីដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ២០២៤ ក្រោមគម្រោងជំនួយផ្ទាល់របស់លោកបណ្ឌិត ថាង ហ្គោដុង (Gordon Tang) អនុប្រធាន NOCC ក្នុងគោលដៅសំខាន់ៗមួយចំនួន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥, កីឡាយុវជនអាស៊ី-២០២៥ និងជាថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដដែលបន្ដថា ការចេញទៅហាត់នៅចិន លើកនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ ចំពោះកីឡាករ-កីឡាការិនីកម្ពុជាគ្រប់រូប ប្រសិនបើពួកគេមានការខិតខំប្រឹងប្រែង ប្រកបដោយការប្ដេជ្ញាចិត្ត និងឆន្ទៈ នឹងទទួលបានមកវិញនូវគុណផលល្អប្រសើរ ដ្បិតមជ្ឈមណ្ឌលកីឡានៅខេត្តគ័ងទុង គឺជាមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់បំផុតមួយ ដែលសូម្បីអត្តពលិកនៅអឺរ៉ុប ព្រមទាំងកីឡាករ-កីឡាការិនីចិន នៅតាមបណ្ដាខេត្តផ្សេងៗ ក៏ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅទីនោះដែរ។

លោកថា «រយៈពេល ៤ខែ នៃការហ្វឹកហាត់នៅចិន ដោយសារកីឡាករ-កីឡាការិនីយើង មានមូលដ្ឋានល្អប្រសើរពីកម្ពុជាទៅហើយ គឺងាយស្រួលទេ។ ក្ដីសង្ឃឹមយើង គឺដើម្បីបង្កើនគុណផលរបស់ពួកគេ ឆ្ពោះទៅឆ្នាំ២០២៥ ហើយឆ្នាំ២០២៥ យើងអាចនឹងបន្ដគម្រោងនេះទៀត អាចត្រៀមរហូតដល់ស៊ីហ្គេម ចុងឆ្នាំ២០២៥ នៅថៃ ។ ខ្ញុំមានជំនឿថា បើកីឡាករ-កីឡាការិនីរបស់យើង មានការខិតខំជាក់លាក់ច្បាស់លាស់ ប្ដេជ្ញាចិត្តធ្វើអ្វីៗដើម្បីខ្លួនឯង និងដើម្បីជាតិ ខ្ញុំជឿថា នឹងទទួលបានគុណផលល្អ និងអាចទទួលបានលទ្ធផលល្អ»

ហេតុនេះ ភារកិច្ចសំខាន់របស់កីឡាករ-កីឡាការិនីកម្ពុជា ត្រូវក្ដាប់យកឱកាសនេះ ខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព គ្រាដែលសហព័ន្ធកីឡាជាតិទាំង ៣ ក៏ត្រូវមានភាពច្បាស់លាស់ និងការទទួលខុសត្រូវលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីរបស់ខ្លួន ពោលគឺត្រូវគោរពនូវវិន័យឲ្យបានខ្ជាប់ខ្ជួនបំផុត ជៀសវាងប្រាចាកនូវក្រមសីលធម៌នៅទីលានហ្វឹកហាត់ ក៏ដូចជាការស្នាក់នៅ ហូបចុកជាដើម ដើម្បីទទួលបាននូវគុណផលខ្ពស់ជាងមុន ឆ្លើយតបនឹងការផ្ដល់សេចក្ដីទុកចិត្តរបស់ថ្នាក់ដឹកនាំ ពិសេសម្ចាស់ជំនួយ។

លោក ណយ ផាណា បានបន្ដថា «ក្នុងនាមគណៈកម្មាធិការអូឡាំពិកកម្ពុជា ខ្ញុំពិតជាអំណរគុណលោកបណ្ឌិត Gordon Tang ដែលតែងតែផ្ដល់នូវការគាំទ្រការអភិវឌ្ឍកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់អត្តពលិកកម្ពុជា ជាពិសេសមការសម្របសម្រួលបញ្ជូនអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិននៅពេលនេះ ហើយក៏អរគុណកិច្ចសហការរវាងភាគីចិន ដែលបានផ្ដល់នូវទីតាំងដល់អត្តពលិកយើងហ្វឹកហាត់នៅទីនោះ ក្រោមគម្រោងរបស់គណៈកម្មាធិការអូឡាំពិកកម្ពុជា តាមរយៈជំនួយរបស់លោក Gordon Tang បានទៅហ្វឹកហាត់នៅទីកន្លែង ដែលប្រកបដោយប្រសិទ្ធភាព និងគុណផល»

បន្ថែមលើនេះ ក្នុងនាមសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីទាំងអស់ លោកក៏បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលតែងគិតគូរ និងយកចិត្តទុកដាក់ ចំពោះសហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសការគាំទ្រ និងឯកភាព ក្នុងការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅចិនពេលនេះ។

លោករំពឹងថា គម្រោងដ៏ល្អមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ៕