(ឡុងដ៏)៖ ខ្សែបម្រើអន្តរជាតិប៊ែលហ្ស៊ិក Kevin de Bruyne របស់ក្លិប Manchester City បាននិយាយថា «ខ្លួនមិនមានការពិភាក្សាជាមួយក្លិបណាផ្សេងទៀត អំពីការចាកចេញពីកីឡដ្ឋាន Etihad នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះនោះទេ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។

ខ្សែបម្រើឆ្នើមរូបនេះ បាននិយាយថា «គាត់បើកចំហចំពោះអ្វីគ្រប់យ៉ាង» ហើយបាននិយាយជាមួយគ្រួសារអំពីលទ្ធភាពចាកចេញពី Man City បន្ទាប់ពីមានរបាយការណ៍មួយចំនួនដែលបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅអារ៉ាប៊ីសាអូឌីត នៅចុងបញ្ចប់នៃរដូវកាលមុន។

លោក Guardiola ក៏បានបង្ហាញភាពជឿជាក់ នឹងមានការទទូចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា ខ្សែបម្រើ De Bruyne នឹងមិនត្រូវបានគេលក់ចេញទេ ហើយខ្សែបម្រើនាំលេងលើទីលាន បាននិយាយថា «គាត់មិនដែលពិភាក្សាជាមួយភ្នាក់ងារទិញដ៏សក្តានុពលណាមួយអំពីការផ្ទេរនោះទេ»

រំលឹកផងថា បុរសមានវ័យ ៣៣ឆ្នាំ Kevin de Bruyne បានមកចូលរួមជាមួយ Man City កាលឆ្នាំ២០១៥ ពីក្លិបលីគអាល្លឺម៉ង់ Wolfsburg មុនពេល ១ឆ្នាំ ដែលលោក Pep Guardiola ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមមេឃខៀវ ។

ការចូលរួមនៅមេឃខៀវ Man City ខ្សែបម្រើ De Bruyne បានរួមចំណែកជួយក្លិបឈ្នះពាន Premier League ចំនួន ៦លើក, FA Cup ២លើក, EFL Cup ៥លើក និងពានលីគអឺរ៉ុប UEFA Champions league ១លើកក្នុងប្រវត្តិសាស្ត្រក្លិប ។

រដូវកាលថ្មីនេះ Kevin de Bruyne រកបាន ១គ្រាប់ហើយ ពីការលេង ៣ប្រកួតដំបូងនេះ ជាមួយក្រុមដឹកនាំដោយ Pep Guardiola បានចាប់ផ្តើមយ៉ាងល្អក្នុងគោលដៅការពារតំណែងជើងឯក Premier League របស់ពួកគេ ៕