(ញូវយ៉ក)៖ កីឡាការិនី Coco Gauff ម្ចាស់ពាន US Open 2023 បានជ្រុះចេញពីពានរង្វាន់ក្នុងកម្រិត Grand Slam នាឆ្នាំនេះហើយ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃរបស់គូប្រជែង Emma Navarro ត្រឹមជុំទី៤ នាព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅកម្ពុជា)។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការប្រកួតក្នុងជុំទី៤ ដែលត្រូវបានធ្វើឡើងនាទីក្រុង New York សហរដ្ឋអាមេរិក នាង Gauff ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ពិភពលោកបច្ចុប្បន្នវាយបកយកបានជ័យជម្នះក្នុងសិតទី២ ពីលទ្ធផលចាញ់ ២-១ ក្រោមស្នាដៃរបស់កីឡាការិនីម្ចាស់ផ្ទះ Navarro ដែលឈរនៅលេខរៀងទី១៣ ពិភពលោក។

យ៉ាងណា នេះក៏ជាលើកទី២ ផងដែរក្នុងរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ ដែល Gauff បានចាញ់ក្រោមស្នាដៃរបស់ Navarro គិតចាប់តាំងពីក្នុងវគ្គ ១៦នាក់ចុងក្រោយក្នុងពាន Wimbledon នៅប្រទេសអង់គ្លេសរួចមក។

តាមរយៈជ័យជម្នះនេះដែរ នាង Navarro នឹងប៉ះកីឡាការិនី Paula Badosa ដែលឈរនៅចំណាត់ថ្នាក់លេខ២៦ ពិភពលោកក្នុងវគ្គ ៨នាក់ចុងក្រោយជាបន្តទៀត ដ្បិតគូប្រជែងសញ្ជាតិអេស្ប៉ាញរូបនេះ ទើបតែបានទម្លាក់កីឡាការិនីចិន Wang Yafan ដោយលទ្ធផល ៦-១ និង ៦-២ កាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៤៕