(ភ្នំពេញ)៖ ធនាគារ ABA បានទទួលសមិទ្ធផលដ៏អស្ចារ្យមួយ ដោយចំនួនអតិថិជនសរុបកើនឡើងលើស៤លាននាក់ កាលពីដើមខែសីហាកន្លងទៅនេះ។ កំណើនគួរឲ្យកត់សម្គាល់នេះ ជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបជូនអតិថិជនទូទាំងប្រទេស។

ដើម្បីអបអរនូវសមិទ្ធផលនេះ ABA បានផ្តល់ប្រាក់រង្វាន់់៤,០០០,០០០រៀល ជូនអតិថិជនទី៤,០០០,០០០របស់ខ្លួន។ លោក ហ៊ាង ភ័ស្ដ ប្រកបរបរជាអ្នកបើកឡានដឹកទំនិញកុងទែនណឺ បានមកទទួលរង្វាន់នៅ ABA សាខាសំរោងក្រោម កាលពីថ្ងៃទី១៩ ខែសីហា។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារទៅលើការជឿជាក់និងទំនុកចិត្តរបស់អតិថិជន។

លោក ឈុន វិចិត្រ នាយកសេវាធនាគាររូបវន្តបុគ្គលរបស់ធនាគារ ABA បានឱ្យដឹងថា «ការទទួលបានអតិថិជនលើសពី៤លាននាក់នេះ ជាសក្ខីភាពមួយនៃការខិតខិប្រឹងប្រែងរបស់ធនាគារក្នុងការបម្រើតម្រូវការជូនប្រជាជនកម្ពុជា នៅគ្រប់ស្រទាប់វណ្ណៈ។ យើងខ្ញុំមោទនភាពណាស់ ដែលទទួលបានទំនុកចិត្តពីអតិថិជនរាប់លាននាក់ ហើយយើងនឹងបន្តប្តេជ្ញាចិត្ត ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងនវានុវត្តន៍»

លោក ហ៊ាង ភ័ស្ដ ក៏បានបញ្ចេញចំណាប់អារម្មណ៍បន្ទាប់ពីការទទួលរង្វាន់ថា «ខ្ញុំពិតជានឹកស្មានមិនដល់មែន។ ខ្ញុំរំភើបខ្លាំងណាស់ដែលក្លាយជាអតិថិជនទី៤,០០០,០០០ និងទទួលបានរង្វាន់ធំបែបនេះ។ ខ្ញុំក៏ធ្លាប់បានឮរឿងល្អៗជាច្រើនអំពីធនាគារនេះ។ ក្រោយពីខ្ញុំបានប្រើប្រាស់ផ្ទាល់ ខ្ញុំអាចនិយាយបានថាវាមានភាពងាយស្រួលមែនក្នុងការផ្ញើប្រាក់ សម្រាប់ការងារ ឬការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ អរគុណដល់ធនាគារ ABA សម្រាប់រង្វាន់ និងសេវាកម្មដ៏ឥតខ្ចោះ»

ធនាគារ ABA តែងតែយកចិត្តទុកដាក់លើអតិថិជនជាចម្បង ដោយផ្តល់នូវសេវាកម្មធនាគារដ៏សម្បូរបែប ដែលមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

ដោយផ្តោតសំខាន់ទៅលើនវានុវត្តន៍ និងការផ្លាស់ប្តូរផ្នែកឌីជីថល ធនាគារបន្តផ្តល់នូវសេវាកម្មតាមតម្រូវការអតិថិជនគ្រប់ៗរូប៕