(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានបង្ហាញពីសមិទ្ធផលគួរឲ្យកត់សម្គាល់ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 លើទីលានអន្តរជាតិ Sepang Circurt ដែលជាទីលានស្តង់ដាកម្រិតម៉ូតូ GP នៅប្រទេសម៉ាឡេស៊ីកាលពីចុងសប្ដាហ៍កន្លងទៅ។

ពិសិដ្ឋ បានឲ្យដឹងថា ខ្លួនបានចុះឈ្មោះចូលរួមប្រកួត Supper Sport Riki ដែលជាកម្រិតទាបជាងគេ សម្រាប់អ្នកចូលរួមប្រកួតដំបូង ប៉ុន្តែលទ្ធផលការប្រកួតបានធ្វើឲ្យយុវជនកម្ពជារួបនេះបានចូលរួមការប្រកួតជាមួយកីឡាករអន្តរជាតិកម្រិតខ្ពស់ Class Supper Sport 600cc វិញ។ ពិសិដ្ឋ បានចាត់ទុកនេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយ សម្រាប់ការចូលរួមប្រកួតេះអន្ដរជាតិដ៏ធំលើកដំបូង។

កីឡាករកម្ពុជាតែម្នាក់គត់ ដែលបានចូលរួមព្រឹត្តិការណ៍ខាងលើបានបន្ថែមថា សម្រាប់ការប្រណាំងលើវិញ្ញាសា Supper Sport Riki គេកំណត់អត្តពលិក ដែលប្រើថិរវេលាចាប់ពី ២នាទី និង ២៩វិនាទីឡើងទៅ ប៉ុន្ដែកីឡាករណា ដែលធ្វើបានក្រោមថិរវេលាកំណត់នេះ នឹងត្រូវចូលរួមការប្រកួត Class Supper Sport 600cc វិញ ហើយក្នុងនោះក៏មានយុវជន ឈឹម ពិសិដ្ឋ ផងដែរ។

គួរដឹងថា ឈឹម ពិសិដ្ឋ បានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រតាំងពីឆ្នាំ២០១៩ មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។ នេះជាលើកដំបូងហើយ ដែលរូបគេបានបោះជំហានចូលរួមការប្រកួតលើទីលានខ្នាតធំស្ដង់ដារអន្ដរជាតិ នៅប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ៕