(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន Apple កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងទីផ្សារតន្ត្រី និងទូរទស្សន៍របស់ប្រទេសឥណ្ឌា បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ Bharti Airtel ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំទីពីរនៅទីនោះ។ ប្រកាសនេះ បង្ហាញពីមហិច្ឆតាដ៏ធំរបស់ Apple ក្នុងប្រទេសឥណ្ឌា ព្រមទាំងបង្ហាញពីជំហរប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយនឹងវេទិកាដ៏ពេញនិយមផ្សេងទៀតដូចជា Spotify និង Walt Disney ជាដើម។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈកិច្ចសហការដែលត្រូវបានប្រកាសនាពេលថ្មីៗនេះ នឹងអនុញ្ញាតឱ្យអតិថិជន Premium ទាំងអស់របស់ Airtel ចូលប្រើប្រាស់សេវាកម្ម Apple Music និង Apple TV+ ដោយឥតគិតថ្លៃ។ ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៤នេះ ដោយផ្តល់ឱ្យអតិថិជនប្រមាណ ២៨១លាននាក់របស់ Airtel។

យ៉ាងណាមិញកិច្ចសហការរវាង Apple និង Airtel ត្រូវបានគេមើលឃើញថាទំនងជានឹងពង្រីកមូលដ្ឋានអ្នកប្រើប្រាស់យ៉ាងច្រើនសម្រាប់ Apple TV+ និង Apple Music នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលក្រុមហ៊ុនយក្ស Apple បានចូលទៅវិនិយោគផ្នែកផលិតកម្ម iPhone របស់ខ្លួនក្នុងប្រទេសនេះជាយូរមកហើយ​ ក៏ដូចជាដើម្បីគេចចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសចិនផងដែ។

គួរជម្រាបថា បច្ចុប្បន្ននេះ Apple Music មានចំនួនអ្នកប្រើប្រាស់តិចបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានអ្នកជាវប្រហែល ២០០,០០០ នាក់ប៉ុណ្ណោះ ដោយឡែកចំពោះសេវាកម្មរបស់ Spotify មានអ្នកប្រើប្រាស់ និងជាវប្រមាណ ៣លាននាក់ឯណោះ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីភាពជាដៃគូ និងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនទាំងពីរនេះ នៅមិនទាន់បង្ហាញនៅឡើយនោះទេ និងបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ Reuters៕