(ប៊ែកឡាំង)៖ កីឡាករ Joshua Kimmich នឹងស្នងតំណែងកីឡាករ Ilkay Gundogan ជាប្រធានថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីខ្សែបម្រើក្លិប Manchester City រូបនេះបានប្រកាសចូលនិវត្តន៍។ នេះបើតាមការប្រកាសពីគ្រូបង្វឹកលោក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
កីឡាករវ័យ ៣៣ឆ្នាំ Gundogan ដែលបានបង្ហាញខ្លួនទាំង ៥ប្រកួត សម្រាប់អាល្លឺម៉ង់នៅព្រឹត្តិការណ៍ Euro 2024 ជាមួយនឹងការបង្ហាញខ្លួនចុងក្រោយរបស់លោក បានធ្វើឡើងនៅវគ្គ ៨ក្រុមចុងក្រោយ ដែលបានចាញ់ក្រុមលើកពានអេស្ប៉ាញនោះ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីខែមុន បន្ទាប់ពីទទួលបានការកោះហៅ ៨២លើកលេងឱ្យជម្រើសជាតិ។
ដោយឡែក កីឡាករ Kimmich វ័យ២៩ឆ្នាំ បានបង្ហាញខ្លួន ៩១លើកលេងឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០១៦។
Kimmich ដែលលេងក្នុងទម្រង់ខ្សែការពារស្តាំ និងខ្សែបម្រើ សម្រាប់ក្លិប Bayern Munich នៅឯលីគ Bundesliga នោះ នឹងដឹកនាំអាល្លឺម៉ង់ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវហុងគ្រី ក្នុងក្របខណ្ឌ Nations League នៅទីក្រុង Dusseldorf នាថ្ងៃសៅរ៍សប្តាហ៍នេះ។
ជាមួយគ្នានោះ ខ្សែការពារកណ្តាលលេងនៅក្លិប Real Madrid កីឡាករ Antonio Rudiger និងខ្សែប្រយុទ្ធក្លិប Arsenal កីឡាករ Kai Havertz ត្រូវបានតែងតាំងជាអនុប្រធានក្រុម៕