(អូស្លូ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិន័រវេស លោក Stale Solbakken បានលើកឡើងថា លោកទំនងជានឹងលាលែងពីតំណែង នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ ក្រោយយុទ្ធនាការ World Cup ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។

បុរសវ័យ ៥៦ឆ្នាំ អតីតខ្សែបម្រើន័រវេសរូបនេះ បានចូលដឹកនាំក្រុមក្នុងឆ្នាំ២០២០។

ន័រវេស នឹងចាប់ផ្តើមយុទ្ធនាការ Nations League B របស់ពួកគេ ដោយប្រកួតក្រៅទឹកដីទល់នឹងក្រុមកាហ្សាក់ស្ថាន នៅថ្ងៃសុក្រសប្តាហ៍នេះ។

លោក Solbakken បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទថា លោកនឹងបន្តដឹកនាំ ប្រសិនបើន័រវេស មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ជាចុងក្រោយ ហើយនឹងលាលែងចេញពីតំណែង បន្ទាប់ពីចប់ព្រឹត្តិការណ៍នេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយន័រវេស មានកីឡាករអស្ចារ្យមួយចំនួនដូចជា Haaland និងមិត្តរួមក្រុមនៅក្លិប Manchester City កីឡាករ Oscar Bobb បូករួមនឹងកីឡាករ Martin Odegaard នៅក្លិប Arsenal ប៉ុន្តែពួកគេនៅតែមានភាពលំបាក ក្នុងការប្រកួតជម្រុះ ឡើងទៅលេងនៅជុំផ្តាច់ព្រ័ត្រ World Cup។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងធ្វើជាសហម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក៕