(អឺរ៉ុប)៖ ក្លិបលីគទួរគី Galatasaray បានសម្រេចលើការពិភាក្សាជាមួយក្លិបអ៉ីតាលី Napoli ដើម្បីធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា Victor Osimhen ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ខ្សែប្រយុទ្ធមានវ័យ ២៥ឆ្នាំរូបនេះ ក៏បានក្លាយជាគោលដៅចម្បងមួយសម្រាប់ក្លិប Chelsea ដែលស្ថិតក្នុងលីគអង់គ្លេស Premier League ផងដែរ នៅមុនពេលទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌអង់គ្លេស បានបិទកាលពីថ្ងៃសុក្រ ។ ហើយក៏មានរបាយការណ៍ចាប់អារម្មណ៍ពីក្លិបលីគអារ៉ាប៊ីសាអូឌីត Al-Ahli ផងដែរ ប៉ុន្តែរូបគេបានផ្លាស់ទៅទីក្រុង Istanbul ជំនួសវិញ។

រំលឹកផងថា Osimhen បានបង្ហាញខ្លួនជាមួយ Napoli ចំនួន ១៣៣ប្រកួតមកហើយ និងរកបាន ៧៦គ្រាប់នឹងបានដើរតួយ៉ាងសំខាន់រួមចំណែកជួយក្លិបក្នុងការឈ្នះពានរង្វាន់លីគ Serie A ឆ្នាំ២០២២-២៣ ដែលក្នុងរដូវកាលនោះរូបគេរកបាន ២៦គ្រាប់ ។

ប៉ុន្តែ Osimhen បានធ្លាក់ចុះនៅទម្រង់លេងនារដូវកាលមុន ជាមួយការរកបានតែ ១៧គ្រាប់នៅគ្រប់កម្មវិធី នាមជាកីឡាករម្នាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំៗ ក្នុងតំបន់អឺរ៉ុប ខណៈក្លិបស្ថិតក្រោមការដឹកនាំដោយលោក Antonio Conte ក្នុងរដូវកាលថ្មីនេះ លើទម្រង់ប្រយុទ្ធជួរមុខក៏ទើបសម្រេចបាននៅការនាំយក Romelu Lukaku តម្លៃ ៣០លានផោន ៕