(ភ្នំពេញ)៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្ដេជ្ញានឹងជំរុញកីឡាករជម្រើសជាតិកម្ពុជា ចេញទៅប្រកបអាជីពក្រៅស្រុក ដើម្បីដកស្រង់បទពិសោធន៍ថ្មីៗ ក្នុងន័យពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាបាល់ទះជើងឯកអាស៊ាន (SEA V.League) និងស៊ីហ្គេម ឆ្នាំ២០២៥ តែម្ដង ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ ដោយទទួលបានជើងឯក អមជាមួយប្រាក់រង្វាន់ ១០០លានរៀល បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-០ (សិត) កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក និងការទទួលបានកៅអីលេងពានកម្រិតទី១ប្រចាំតំបន់ SEA V.League 2025 ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតជាប់គ្នា ក្នុងនាមម្ចាស់ផ្ទះពានរង្វាន់ SEA V.League Challenge 2024 ។

ជាមួយភាពជោគជ័យខាងលើនេះ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ក៏ដូចជាការរក្សាបាននូវគុណផលរបស់កីឡាករម្នាក់ៗ បន្ទាប់ពីការដណ្ដើមបានសមិទ្ធផលជាប្រវត្តិសាស្ដ្របន្ដបន្ទាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចុងក្រោយកន្លងមក ។ អ្វីដែលពិសេស គឺកីឡាករជម្រើសជាតិកម្ពុជា ក៏ត្រូវបានបណ្ដាក្លិបនៅវៀតណាម និងថៃ ចាប់អារម្មណ៍នាំយកទៅលេងជាច្រើន ខណៈសហព័ន្ធនឹងជំរុញអត្តពលិកកម្ពុជាទៅលេងក្រៅស្រុក ដើម្បីពង្រឹងសមត្ថភាពកាន់តែប្រសើរថែមទៀត ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បញ្ជាក់ថា បន្ទាប់ពីការខិតខំប្រឹងប្រែង និងលះបង់របស់កីឡាករគ្រប់រូប ពេលនេះ សមិទ្ធផលបានស្ដែងចេញតាមរយៈការដណ្ដើមបានកៅអីពាន SEA V.League 2025 ក៏ដូចជាការគ្រងជើងឯកពានរង្វាន់សម្ដេចមហាបវរធិបតី ។ បន្ថែមលើនេះ មានកីឡាករមួយចំនួន ត្រូវបានសហព័ន្ធផ្ដល់កុងត្រាបញ្ជូនទៅលេងនៅលីគវៀតណាម តាមការស្នើរបស់ក្លិបនៅវៀតណាម រួចរាល់ ដូចជា គួន ម៉ុម និង ធី ម៉េងហួង ជាដើម ។ រីឯកីឡាករ សឿន ហេង ក៏ត្រូវបានក្លិបថៃ កំពុងចរចាពីតម្លៃខ្លួននាំយកទៅលេងផងដែរ ។

លោកបន្ដថា «គួន ម៉ុម ត្រូវបានចុះកុងត្រាជើងទី២ ជាមួយវៀតណាមរួចហើយ ។ ខ្ញុំបានបញ្ជួនកុងត្រារួចហើយ រង់ចាំតែថ្ងៃត្រូវបញ្ជូនកីឡាករ ។ អ៊ីចឹងយើងនឹងបញ្ជូន គួន ម៉ុម ក៏ដូចជា ធី ម៉េងហួង និងអត្តពលិករបស់យើងដទៃទៀត ដែលខាងវៀតណាម តាមការស្នើសុំ ។ រីឯ សឿន ហេង ក៏ត្រូវបានលីគថៃទិញដែរ តែពាក់ព័ន្ធនឹងតម្លៃខ្លួន នៅមិនទាន់ចរចាត្រូវរ៉ូវគ្នានៅឡើយ។ ដូច្នេះបើមានឱកាស ខ្ញុំនឹងបញ្ជូនអត្តពលិករបស់យើងទៅលេងក្រៅស្រុកទាំងអស់ មិនឲ្យគាត់លេងតែក្នុងស្រុកទេ ដើម្បីដកបទពិសោធន៍នៅក្រៅឲ្យបានច្រើន»

សូមរំឮកថា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍(SAVA) បានរៀបចំការប្រកួតបាល់ទះក្នុងតំបន់ជា ២កម្រិត ដោយទី១ ពានរង្វាន់ SEA V.League Challenge មានក្រុមកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី និងទី២ ពានរង្វាន់ SEA V.League មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ សម្រាប់ក្រុមបាល់ទះកម្ពុជា ក្រោយគ្រងជើងឯកពានកម្រិតទី២ SEA V.League Challenge នឹងត្រូវឡើងទៅជំនួយកៅអីវៀតណាម នៅក្នុងពានកម្រិតទី១ SEA V.League 2025 ខាងមុខ ក្រោយវៀតណាម បញ្ចប់ត្រឹមលេខ៤ ក្នុងការប្រកួតឆ្នាំនេះ ហើយវៀតណាម ក៏ត្រូវធ្លាក់មកលេងពាន SEA V.League Challenge 2025 វិញផងដែរ ៕