(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិនបានព្រមានថាខ្លួនអាចនឹងចាត់វិធានការវាយបកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសជប៉ុន ប្រសិនបើនៅតែបន្តដាក់កម្រិតបន្ថែមទៀតលើការលក់ និងទប់ស្កាត់សេវាកម្មឧបករណ៍ផលិតបន្ទះឈីបដល់ក្រុមហ៊ុនចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងទៀតថាក្រុមហ៊ុន​ Toyota Motor បានប្រាប់មន្ត្រីជប៉ុនជាឯកជនថា ទីក្រុងប៉េកាំងអាចប្រតិកម្មទៅនឹងការទប់ស្កាត់ដោយកាត់បន្ថយការចូលប្រើប្រាស់របស់ប្រទេសជប៉ុនចំពោះសារធាតុរ៉ែសំខាន់ៗដែលត្រូវការសម្រាប់ការផលិតរថយន្ត។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីចិនជាច្រើនរូបបានគូសបញ្ជាក់ជំហរម្តងហើយម្តងទៀតជាមួយសមភាគីជប៉ុននៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ។

ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសនេះតែងតែប្រឆាំង និង «ជ្រៀតជ្រែកដោយចេតនា» ទាក់ទងនឹង ស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មសកល, នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម មិនត្រឹមតែប៉ុណ្ណោះព្រមទាំងរារាំងខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិនផងដែរ។ អ្នកនាំពាក្យលោកស្រី Mao Ning បាននិយាយថា «ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល ហើយតែងតែអនុវត្តវិធានការត្រួតពិនិត្យការនាំចេញប្រកបដោយយុត្តិធម៌ សមហេតុផល និងមិនរើសអើង»

តែយ៉ាងណាជុំវិញរបាយការណ៍នេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota មិនបានឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយលម្អិតរបស់ Reuters នោះទេ។

គួរជម្រាបថា ប្រទេសជប៉ុនបានចាប់ផ្តើមរឹតបន្តឹងការនាំចេញឧបករណ៍ផលិតបន្ទះឈីបពាក់កណ្តាលសម្រេច semicoductor ចំនួន ២៣ប្រភេទ ដោយបានគ្រប់គ្រងពាណិជ្ជកម្មបច្ចេកវិទ្យារបស់ខ្លួនតាមរយៈវិធានការរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងទប់ស្កាត់សមត្ថភាពរបស់ប្រទេសចិនក្នុងការផលិតបន្ទះឈីបទំនើបៗកាលពីខែកក្កដាកន្លងទៅថ្មីៗនេះ៕