(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនចិន Huawei នឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ ៣តង់ជាលើកដំបូង និងមុនគេបង្អស់នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។ ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​បណ្តាញ​ផ្លូវ​ការ​របស់ Huawei ដោយ​គូស​បញ្ជាក់​ថា​ការ​ចេញ​លក់​នេះ​នឹង​ស្រប​ពេល​ដែល Apple ចេញ​លក់​ត្រកូល iPhone 16 ក្នុង​ថ្ងៃ​តែ​មួយ​។ នេះបើយោងតាមការចេញផ្សាយដោយ GMSArena នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា លោក Yu Chengdong នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានពណ៌នាផលិតផលដែលនឹងមកនាពេលខាងមុខថាជា «ការឈានមុនគេ» និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការបង្កើតថ្មី។ ស្មាតហ្វូនអេក្រង់បត់ ៣តង់ថ្មីនេះ នឹងមានអេក្រង់ប្រហែល ១០អ៊ីង មានរន្ធ pucnh-hole កាមេរ៉ាមុខ/ កាមេរ៉ា Selfie នៅចំកណ្តាល និងស្ថិតនៅអេក្រង់ខាងឆ្វេង។

គួរជម្រាបថា បន្ថែមពីលើស្មាតហ្វូនអេក្រង់បត់ ៣តង់ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញផលិតផលផ្សេងទៀត រួមទាំងកំណែអាប់ដេតនៃរថយន្តអគ្គិសនី Aito M9 និងនាឡិកាឆ្លាតវៃថ្មីៗដែលមានសក្តានុពលគឺ Watch GT 5 និង Watch D2 ដែលបង្ហាញពីសមត្ថភាពតាមដានសុខភាពកម្រិតខ្ពស់ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិន ជាមួយនឹងលទ្ធភាពនៃការពង្រីកទៅកាន់ទីផ្សារពិភពលោកនៅពេលក្រោយ បើទោះបីជាវាមិនរួមបញ្ចូលកម្មវិធី Google ដោយសារតែការរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ៕