(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Luis Suarez បានប្រកាសលាឈប់ពីជម្រើសជាតិអ៊ុយរូហ្គាយជាផ្លូវការហើយ បន្ទាប់ពីចូលលេងតាំងពីឆ្នាំ២០០៧ មក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ sportstar នៅថ្ងៃនេះ។
បុរសដែលកើនវ័យ ៣៧ឆ្នាំបច្ចុប្បន្ននេះ បានផ្តើមលេងជាមួយជម្រើសជាតិអ៊ុយរូហ្គាយ តាំងពីឆ្នាំ២០០៧ និងបានក្លាយជាកីឡាករសំខាន់ ១រូបផងដែរដែលបានជួយក្រុមខ្លាំងនៅតំបន់អាមេរិកឡាទីនមួយនេះ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2010 និងឈ្នះពានប្រចាំតំបន់ Copa America ១ឆ្នាំបន្ទាប់ទៀតផង។
Luis Suarez ដែលបានកំពុងប្របកអាជីពបាល់ទាត់ជាមួយ Lionel Messi ក្នុងក្លិប Inter Miami FC នៃលីគកំពូលសហរដ្ឋអាមេរិក Major League Soccer នាពេលបច្ចុប្បន្ននេះ បានប្រកាសពីការព្យួរស្បែកជើងពីជម្រើសជាតិនៅថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្នុងនាមជា top scorer ដែលមាន ៦៩គ្រាប់ ពីការចូលលេងបាន ១៤២ប្រកួតរួចមក។
Suarez បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃចន្ទថា «ថ្ងៃសុក្រ វាគឺជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយជម្រើសជាតិអ៊ុយរូហ្គាយ។ មែនទែនទៅ ខ្ញុំមិនមែនសម្រេចចិត្តលាឈប់ ដោយសារតែរបួស ឬក៏គ្រូបង្វឹកលែងកោះហៅនោះទេ ពោលគឺខ្ញុំមានអារម្មណ៍ឯករាជ្យ និងគិតថាវាគ្រប់គ្រាន់ទៅវិញទេ»។
អ៊ុយរូហ្គាយ នឹងត្រូវប៉ះប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Centenario ស្ថិតក្នុងទីក្រុង Montevideo នារាត្រីថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងការប្រកួតជម្រុះ World Cup 2026 នៅមុនពេលប៉ះវេណេហ្សូអេឡា នៅ ៤ថ្ងៃបន្ទាប់ផងដែរ៕