(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចេញសេចក្តីប្រកាសពីការកាត់បន្ថយតម្លៃសំបុត្រទស្សនាសម្រាប់អ្នកគាំទ្រក្រៅដី (away) ក្នុងការប្រកួតពានរង្វាន់នានានៅអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
តម្លៃសំបុត្រទស្សនា UEFA Champions League សម្រាប់អ្នកគាំទ្រក្រៅដីមានតម្លៃ ៦៦ដុល្លារ ដែលនឹងត្រូវទម្លាក់មកនៅត្រឹម ៥៥ដុល្លារវិញចាប់ពីរដូវក្រោយទៅ ស្របពេលតម្លៃសំបុត្រ Europa League តម្លៃ ៤៤ដុល្លារ នឹងត្រូវធ្លាក់មកនៅ ៣៩ដុល្លារវិញ នៅពេលសំបុត្រ Conference League មានតម្លៃត្រឹម ២២ដុល្លារ។
គួរបញ្ជាក់ផងថា តម្លៃពិសេសនេះគឺសម្រាប់តែអ្នកគាំទ្រក្រៅដីតែប៉ុណ្ណោះ មិនរាប់បញ្ចូលអ្នកគាំទ្រក្នុងដីនោះឡើយ។
ការទម្លាក់តម្លៃនេះដែរ ត្រូវបានធ្វើឡើង ក្រោយពីមានអ្នកគាំទ្រក្រៅដីធ្វើការតវ៉ា ជុំវិញបញ្ហាតម្លៃសំបុត្រថ្លៃ បន្ទាប់ពីពួកគេត្រូវចំណាយការធ្វើបន្ថែមទៀតនោះ។
ទាក់ទងនឹងបញ្ហានេះ ប្រមុខ UEFA លោក Aleksander Ceferin បាននិយាយថា «នេះគឺជាជំហានមួយថ្មីទៀតពីការប្តេជ្ញាចិត្តរបស់ UEFA ក្នុងការធានាបានគ្រប់ការប្រកួតដល់អ្នកគាំទ្រទាំងអស់។ ពួកយើងនៅតែបន្តបេសកកម្ម ដើម្បីរក្សាបាល់ទាត់បន្តឈានមុខ ជាមួយការបង្កភាពងាយស្រួលផងដែរដល់អ្នកគាំទ្រនៅទូទាំងអឺរ៉ុបទៀតផង»៕